លោក ត្រាំ តែងតាំងលោក Ronald Johnson អតីតទូតអាមេរិក ប្រចាំអែលសាល់វ៉ាឌ័រ ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំម៉ិកស៉ិក
វ៉ាស៉ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានតែងតាំងលោក Ronald Johnson ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអែលសាល់វ៉ាឌ័រ ឱ្យក្លាយជាឯកអគ្គរដ្ឋទូតបន្ទាប់ប្រចាំនៅម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០២៤។
លោក Johnson បានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំអែលសាល់វ៉ាឌ័រ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ តាមការបង្ហោះសារលើបណ្តាញសង្គម លោក ត្រាំ ក៏បានលើកឡើងពីបទពិសោធន៍ជាង ២០ឆ្នាំរបស់លោក Johnson ជាមួយទីភ្នាក់ងារ CIA ផងដែរ។
លោក ត្រាំ បានយកបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែនអាមេរិក-ម៉ិកស៉ិក ជាចំណុចគន្លឹះដែលត្រូវដោះស្រាយ កាលពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ម៉ិកស៉ិក មានពាក់ព័ន្ធជាងគេ ជុំវិញការអនុវត្តគោលនយោបាយអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការទទួលយកជនចំណាកស្រុក មកពីគុយបា ហៃទី នីការ៉ាហ្គា និងវេណេស៊ុយអេឡា ដោយសុទ្ធសឹងតែជាប្រទេសដែលសហរដ្ឋអាមេរិក ព្យាយាមនិរទេសឱ្យត្រលប់ទៅវិញ៕