កូរ៉េខាងជើង ចំអកឲ្យប្រធានាធិបតីកូរ៉េខាងត្បូង ថាជាមេដឹកនាំផ្តាច់ការ ជុំវិញការប្រើច្បាប់អាជ្ញាសឹក
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅពុធទី១១ ខែធ្នូនេះ បានរាយការណ៍ជាលើកដំបូងអំពីភាពច្របូកច្របល់ និងភាពចលាចលនយោបាយដែលកំពុងបន្តដ៏ក្ដៅគគុករបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតីលោក យូន ស៊ុកយ៉ុល។ ទន្ទឹមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដៀលមេដឹកនាំកូរ៉េខាងត្បូងកប់ៗមាត់។
បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយសប្តាហ៍ សារព័ត៌មានកូរ៉េខាងជើង KCNA ទើបតែរាយការណ៍អំពីបញ្ហានេះ ដោយបានបោះពុម្ពផ្សាយអត្ថបទមួយស្តីពី«ភាពចលាចលសង្គម» ដែលកំពុងកើនឡើងនៅភាគខាងត្បូង ដោយសារតែវិបត្តិច្បាប់អាជ្ញាសឹក។ KCNA បានចុះផ្សាយថា៖«អាយ៉ង យូន ស៊ុកយ៉ុល ដែលបានប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៃអភិបាលកិច្ច និងការចោទប្រកាន់រួចហើយនោះ បានប្រកាសច្បាប់អាជ្ញាសឹកដោយមិននឹកស្មានដល់ និងបានបញ្ចេញកាំរស្មីនៃរបបផ្តាច់ការហ្វាស៊ីសទៅលើប្រជាជន»។
KCNA បានបន្ថែមថា៖«ទង្វើដ៏ឆ្កួតលីលារបស់លោក យូន បានរំឭកដល់រដ្ឋប្រហារក្នុងរបបផ្តាច់ការយោធាជាច្រើនទសវត្សរ៍មុន ដោយបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន រួមទាំងគណបក្សប្រឆាំង និងបានធ្វើឱ្យសាធារណជនខឹងសម្បារ ចំពោះការចោទប្រកាន់ទាំងនោះថែមទៀតផង»។ គួររំឭកថា ការប្រកាសប្រើច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពខ្វះចន្លោះនៃអំណាចគ្រប់គ្រងប្រទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ី ខណៈប្រទេសនេះបានធ្លាក់ចូលទៅក្នុងជ្រោះវិបត្តិរដ្ឋធម្មនុញ្ញ និងបាននាំឱ្យមានភាពស្រពិចស្រពិលផ្នែកការទូត និងសេដ្ឋកិច្ច៕