ក្រសួងព័ត៌មាន ត្រៀមខ្លួនជួយជ្រោមជ្រែង ក្នុងដំណើរការអនុវត្តនីតិវិធី តាមការចាំបាច់នានាក្នុងក្របខណ្ឌ នីតិវិធីតុលាការចំពោះករណីឃាតកម្មលើលោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន នៅស្រុកជីក្រែង
ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តសៀមរាប បាននិងកំពុងបន្តតាមដានការវិវត្តនៃដំណើរការនីតិវិធីពីដោយសមត្ថកិច្ចពាក់ព័ន្ធ ហើយក្រសួងក៏ត្រៀមខ្លួនក្នុងការចូលរួមជួយជ្រោមជ្រែងក្នុងដំណើរការនៃការអនុវត្តនីតិវិធីជំនាញតាមការចាំបាច់នានា ក៏ដូចជាក្នុងក្របខណ្ឌនៃនីតិវិធីតុលាការ ចំពោះករណីឃាតកម្មលើលោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន នៅស្រុកជីក្រែង ខេត្តសៀមរាប។
ជាមួយគ្នានេះដែរ ឯកឧត្ដមអ្នកនាំពាក្យក៏បានអរគុណដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ចំពោះករណីឃាតកម្ម ដោយការលបលួបបាញ់លើអ្នកកាសែតរបស់យើង។ យ៉ាងណាក៏ដោយគេមិនត្រូវយកករណីព្រឹត្តិការណ៍ដ៏អកុសលមួយនេះដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ដោយសូមទុកភារកិច្ចអនុវត្តច្បាប់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់ជាធរមាន។
ឯកឧត្ដមអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ហើយបច្ចុប្បន្ននេះ សំណុំរឿងឃាតកម្មនេះ កំពុងតែស្ថិតនៅក្នុងក្របខណ្ឌនៃការអនុវត្តនីតិវិធីច្បាប់របស់តុលាការខេត្តសៀមរាបហើយ។ ទាំងនេះក៏ដោយសារមានការយកចិត្តទុកដាក់ខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធចំពោះសុវត្ថិភាពរបស់អ្នកសារព័ត៌មានយើងទាំងអស់ ហើយក៏ដោយសារមានការសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធពិសេសរដ្ឋបាលខេត្ត និងដោយមានការចូលរួមជាប់ពីមន្ទីរព័ត៌មានខេត្តសៀមរាប។
ឯកឧត្ដម ទេព អស្នារិទ្ធ បានបន្តថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែផ្ដល់ការយកចិត្ដទុកដាក់ខ្ពស់ចំពោះតួនាទីរបស់អ្នកសារព័ត៌មានរបស់យើងដោយបន្ដលើកកម្ពស់លើកស្ទួយសិទ្ធិ សេរីភាពខាងផ្នែកសារព័ត៌មានដែលបានការពារ និងផ្ដល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្ដជាធរមាន ព្រមទាំងបាននឹងកំពុងបន្ដផ្ដល់នូវបរិយាកាសអំណោយផលសម្រាប់ការប្រកបអាជីពជាអ្នកសារព័ត៌មាននៅទូទាំងប្រទេសក្នុងព្រះរាជាណាកច្រកម្ពុជា។
ឯកឧត្ដម ទេព អស្នារិទ្ធ ក៏សូមទទូចដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបការងារជាអ្នកសារព័ត៌មាន សូមប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្ដិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សូមកុំពាក់ព័ន្ធនឹងទង្វើរដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្ដន៍សកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្ដីពីរបបសារព័ត៌មានបានកំណត់ឱ្យយើងក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ។ សូមកុំតាំងខ្លួនជាអាជ្ញាធរ ឬជាតុលាការ ព្រោះនេះមិនមែនជាតួនាទីរបស់អ្នកសារព័ត៌មាននោះឡើយ។
សម្រាប់ការយកព័ត៌មានមួយចំនួនដែលអាចបង្កហានិភ័យ, អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ សូមមេត្តាសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គភាពជំនាញ ដោយផ្តល់ព័ត៌មានទាំងនោះដល់សមត្ថកិច្ច ដើម្បីគាំទ្រដល់ការអនុវត្តការងារជំនាញក្នុងវិស័យសមត្ថកិច្ចពាក់ព័ន្ធដែលរួមចំណែកដល់ការអនុវត្តច្បាប់។ សូមចៀសវាងឱ្យបាន គឺកុំពាក់ព័ន្ធដាច់ខាតនឹងការកំហែងទារ ឬទង្វើផ្សេងទៀតដែលផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ។
បន្ថែមពីនេះឯកឧត្ដម ទេព អស្នារិទ្ធ សូមអំពាវនាវផងដែរដល់អាជ្ញាធរមូលដ្ឋាននៅក្នុងរាជធានី ខេត្ដ សូមផ្ដល់ការគាំទ្រ និងជួយសម្របសម្រួលដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងអនុវត្ដន៍ការងាររបស់ខ្លួនដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានអាចទទួលបាននូវការសហការ ដើម្បីចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានអំពីស្ថិរភាព សុវត្ថិភាពល្អ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
គួរឱ្យដឹងថា លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ដែលត្រូវបានខ្មាន់កាំភ្លើងលបលួចបាញ់ដោយផ្ដើមចេញពីទំនាស់ផ្ទាល់ខ្លួននោះ បានទទួលមរណភាពនៅយប់ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ លោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍»បានរបួសធ្ងន់ក្រោយមានជនដៃដល់លបលួចបាញ់ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយទទួលបានព័ត៌មាននៃអំពើឃាតកម្មនេះ ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជនដៃដល់ឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប៕