បទវិភាគ៖កំណើនយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍសកល
នៅថ្ងៃទី ១០ ខែធ្នូ “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនត្រូវបានប្រកាស ។ តាមទិន្នន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនមានចំនួន ៣៩,៧៩ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៤,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង ៦,៧ភាគរយ ការនាំចូលបានកើនឡើង ២,៤ ភាគរយដែលសម្រេចបាននូវកំណើនប្រកបដោយភាពនឹងនរជាទូទៅ ។
បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោកអាចឃើញថា សមិទ្ធផលគួរឱ្យកត់សម្គាល់ដែលពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនទទួលបាននោះ គឺ បានមកដោយមិនងាយទេ។ បច្ចុប្បន្ននេះ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយបានកើតឡើងឥតឈប់ឈរ ហើយការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ។ ក្នុងនាមជាការឆ្លុះបញ្ចាំងមួយនៃសេដ្ឋកិច្ចរបស់ចិន ភាពធន់និងសមិទ្ធផលគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានបញ្ជាក់ថា “ប្រទេសចិនមានជំនឿចិត្តយ៉ាងពេញលេញក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនិងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក” ។
បើមើលពីទិន្នន័យជាក់ស្តែងអាចឃើញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកដែលមានបច្ចេកទេសនិងតម្លៃបន្ថែមខ្ពស់របស់ចិនមានចំនួន ១៣,៧ ទ្រីលានយាន់ប្រាក់ចិនដែលត្រូវជាជិត ៦០ ភាគរយនៃការនាំចេញ ។ អ្នកជំនាញបានលើកឡើងថា ស្របពេលដែលប្រទេសចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិនដូចជារថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាដើមបានជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេសឥតឈប់ឈរ ហើយផលិតផលសំខាន់ៗជាប្រពៃណីដូចជា កុងតឺន័រនិងនាវាជាដើមក៏បានបញ្ចេញកម្លាំងរស់រវើកថ្មីផងដែរដែលធ្វើឱ្យ”ការផលិតដោយតម្រិះប្រាជ្ញាចិន”ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ។
ប្រទេសចិនមិនត្រឹមតែបានបញ្ជូននូវផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃថោកសមរម្យដល់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានចែករំលែកទីផ្សារធំនិងឱកាសថ្មីរបស់ខ្លួនជាមួយពិភពលោកតាមរយៈការពង្រីកការនាំចេញផងដែរ ។ ក្នុង១១ ខែដើមឆ្នាំនេះ បរិមាណនាំចូលផលិតផលថាមពលនិងផលិតផលរ៉ែរបស់ប្រទេសចិនបានកើនឡើង ៦,៣ ភាគរយនិង ៤,៣ ភាគរយដោយឡែកពីគ្នា ឯការនាំចូលផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកមានចំនួន ៦,៣៥ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។
លើសពីនេះទៅទៀត រដ្ឋាភិបាលចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាភាគីនានា ក្នុងន័យត្រួសត្រាយទីផ្សារនៃប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាដើម ក៏ដូចជានាំចូលផលិតផលប្រកបដោយគុណភាពខ្ពស់ ។ ១១ ខែដើមឆ្នាំនេះ ការនាំចេញនាំចូលសរុបរបស់ចិនជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួន ១៨,៧៤ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៦ ភាគរយ ក្នុងនោះ ការនាំចូលមានចំនួន ៨,២២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៣,៤ ភាគរយ ។
តើសមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះគឺទទួលបានមកពីណា ? បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មទំនិញពិភពលោកបានរក្សានិន្នាការងើបឡើងវិញដែលបានមានអំណោយផលដល់ការងើបឡើងវិញនៃតម្រូវការ ។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺ បើមើលពីក្នុងស្រុកអាចឃើញថា អាស្រ័យដោយកត្តាវិជ្ជមានជាច្រើនដូចជា សេដ្ឋកិច្ចចិនមានសភាពការណ៍ល្អប្រសើរជាទូទៅ មានទីផ្សារធំទូលាយ មានភាពធន់និងសក្ដានុពលខ្លាំង បូករួមទាំងការដើរតួនាទីជាបន្តបន្ទាប់នៃគោលនយោបាយនិងវិធានការមួយចំនួនរបស់រដ្ឋាភិបាលចិននាពេលថ្មីៗកន្លងទៅនេះ ក៏ដូចជាមុខរបរថ្មីនិងរូបមន្តថ្មីសម្រាប់ជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេសបាននិងកំពុងលេចចេញជាបន្តបន្ទាប់ ។
ពាណិជ្ជកម្មជាមួយបរទេសត្រូវបានចាត់ទុកថាជា”កញ្ចក់”សម្រាប់ឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ កំណើនដ៏នឹងនរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានឆ្លុះបញ្ចាំងពីភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន ហើយក៏បាននាំមកនូវផលប្រយោជន៍និងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកផងដែរ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនិងជាប្រទេសធំទីមួយខាងពាណិជ្ជកម្មទំនិញលើទូទាំងពិភពលោក ប្រទេសចិនបានគាំពារយ៉ាងខ្លាំងក្លានូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលបានជំរុញឱ្យពាណិជ្ជកម្មសកលទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពល្អបរិសុទ្ធ ។ ពេលថ្មីៗនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន JP Morgan Chase ជាដើមបាននាំគ្នាបង្ហាញពីការមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចរបស់ចិនដោយអះអាងថា រីករាយបន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ។ ព្រមពេលជាមួយគ្នានេះ ដោយយោងទៅលើវិធានការវិជ្ជមានមួយចំនួនដែលប្រទេសចិនបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នជាច្រើនបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិន គឺ មានភាពបើកទូលាយនិងបរិយាបន្ន ហើយប្រទេសចិនបាននិងកំពុងជំរុញការកសាងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកបែបបើកចំហជាបន្តបន្ទាប់ ។ នៅពេលអនាគត ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយចំពោះអន្តរជាតិជាបន្តបន្ទាប់ តភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ដោយម្ចាស់ការនិងបង្កបង្កើតបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរ ដើម្បីផ្តល់ឱកាសថ្មីៗកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានាលើពិភពលោក ក៏ដូចជាចែករំលែកភាគលាភនៃការអភិវឌ្ឍកាន់តែច្រើន ៕