ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារ ស.ផ.ក ធ្វើបទបង្ហាញដើម្បីរាយការណ៍អំពីលទ្ធផលនៃការចុះស្ទង់មតិអ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងលទ្ធផលនៃការសិក្សាក្នុងការជំរុញអ្នកបើកបររថយន្តដឹកកម្មករនិយោជិតឱ្យធ្វើការផ្លាស់ប្ដូរពីរថយន្តប្រភេទដឹកទំនិញដឹកកម្មករឈរ ទៅជារថយន្តដឹកអ្នកដំណើរ ដែលមាន សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ ជូនដល់អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជំនួបពិភាក្សានេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍នៃអនុគណៈកម្មការទី២ ៕