សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួញដូរមនុស្សគ្រប់ប្រភេទ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួញដូរមនុស្សគ្រប់ប្រភេទ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួញដូរមនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួញដូរមនុស្សនេះ បានកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលនោះ។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយសម្តេចធិបតី រំពឹងថា ប្រទេសជាមិត្តក៏នឹងមានការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តាំទៅប្រទេសមួយចំនួន ដែលចេញរបាយការណ៍ទាក់ទងនឹងបញ្ហាអំពើជួញដូរមនុស្ស គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេងនោះ ៕