សម្តេចធិបតី៖ ការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្ស មានសារៈសំខាន់សម្រាប់ដាស់តឿនដល់ប្រជាជន ពិសេសយុវជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជន។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យមានការផ្សព្វផ្សាយ ឲ្យបានសកម្ម ចំពោះបញ្ហាការជួញដូរមនុស្ស ខណៈការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជនតែម្តង។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា កិច្ចការប្រឆាំង និងទប់ស្កាតការជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយសម្តេច ទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាចមួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ ៕