សម្តេចធិបតី៖ បញ្ហាការជួញដូរមនុស្ស គឺជាមុខសញ្ញានិងជាបណ្តាញអន្តរជាតិ មិនមែនកើតឡើងនៅតែកម្ពុជានោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហានៃការជួញដូរមនុស្ស គឺជាមុខសញ្ញា និងជាបណ្តាញអន្តរជាតិ មិនមែនកើតឡើងនៅតែប្រទេសកម្ពុជានោះទេ ដូច្នេះរបាយការណ៍ ប្រទេសខ្លះបានចោទប្រកាន់កម្ពុជាលើបញ្ហានេះគឺមិនសមហេតុសមផលឡើយ។
ក្នុងឱកាសអញ្ជើញប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតីថ្លែងថា កិច្ចការប្រឆាំង និងទប់ស្កាតការជួញដូរមនុស្សគឺកិច្ចការសំខាន់ខ្លាំងណាស់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយសម្តេចទទួលស្គាល់ថា បញ្ហា នៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាចមួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះគឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ។
ជាមួយគ្នានេះសម្តេចធិបតី បានណែនាំឲ្យគ្រប់ស្ថាប័នទាំងអស់ ជាពិសេសគឺក្រសួងមហាផ្ទៃតែម្តង ត្រូវមានការឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះ បុគ្គលណាដែលមានចេតនាបង្ខូច កិត្តិយសកម្ពុជាដើម្បីតែផលប្រយោជន៍ខ្លួន៕