ឧត្តមសេនីយ៍ទោ មៀច សាមុត បិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងអានរបាយការណ៍ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន រួមមាន ៖ សិក្ខាកាមសរុបចំនួន ៣៨ នាក់ ជាលទ្ធផល កំរិតនៃការយល់ដឹងខ្ពស់ ចំនួន ១៥នាក់ ស្មើ ៤០% កំរិតនៃការយល់ដឹងបង្គួរ ចំនួន ២៣នាក់ ស្មើ ៦០% ។
ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀនមាន ៖ ជំនាញក្បាច់គុន នៃខភម , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម ។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺន ដែលប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ និងជាការចូលរួមថែរក្សាអភិរក្សក្បាច់គុនបុរាណខ្មែរយើង ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងកាយសមប្បទាមាំមួន និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណះបច្ចេកទេស ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។
នាឱកាសនេះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា (អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ) ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។
តំណាងសិក្ខាកាមបានឡើងសច្ចាប្រណិធាននិងខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់អោយចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ៕