ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឈន សាណាត បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដោយមានការចូលចូលរួមពី ឯកឧត្តម លោកជំទាវអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត និងលោក លោកស្រីជាថ្នាក់ដឹកនាំ-មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធនាគារ ។
ថ្លែងក្នុងកម្មពិធីសន្និបាតនេះផងដែរ ឯកឧត្តមអគ្គនាយកបានមានប្រសាសន៍ថា៖ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំ និងសម្រេចបាននូវផែនការយុទ្ធសាស្ត្រដំណាក់កាលទី៤ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ដោយបានរក្សានូវ ចក្ខុវិស័យ គឺរួមគ្នាដើម្បីសុវត្ថិភាពសង្គម និងកាត់បន្ថយបទល្មើសក្នុងសហគមន៍ ព្រមទាំងបេសកកម្ម គឺគ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ព្រម ទាំងផ្តល់កម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម។