មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប
UN៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ដូចជាការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់។
សេចក្តីសម្រេច ត្រូវបានអនុម័តដោយសំឡេងគាំទ្រ១៥៨ នៅក្នុងមហាសន្និបាតដែលមានសមាជិក១៩៣ប្រទេស ត្រូវបានបង្ហាញក្នុងភាពបន្ទាន់ជាងការជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅហ្កាហ្សា។ សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងប្រទេសចំនួន៧ផ្សេងទៀត បានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចបទឈប់បាញ់ ខណៈដែលប្រទេសចំនួន១៣បានអនុប្បវាទ។
ស្ថាប័នពិភពលោក បានផ្តល់ការគាំទ្រដល់ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA ដោយបានអនុម័តសេចក្តីសម្រេចទីពីរជាមួយនឹងសំឡេងគាំទ្រ១៥៩ ដើម្បីបដិសេធច្បាប់អ៊ីស្រាអែលថ្មី ដែលនឹងហាមឃាត់ប្រតិបត្តិការរបស់ UNRWA នៅក្នុងប្រទេសអ៊ីស្រាអែលចាប់ពីចុងខែមករា។ វាបានទាមទារឱ្យអ៊ីស្រាអែលគោរពអាណត្តិរបស់ UNRWA និងអនុញ្ញាតឱ្យទីភ្នាក់ងារនេះប្រតិបត្តិការដោយគ្មានឧបសគ្គ ឬការរឹតបន្តឹង។ សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងប្រទេសចំនួន៧ផ្សេងទៀត បោះឆ្នោតមិនគាំទ្រ ខណៈ១១ប្រទេសបានអនុប្បវាទ។
ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក រ៉ូប៊ឺត វូត (Robert Wood) បានប្រាប់អង្គប្រជុំថា៖”សារដែលយើងផ្ញើទៅកាន់ពិភពលោកតាមរយៈសេចក្តីសម្រេចទាំងនេះមានសារសំខាន់ណាស់។ ហើយសេចក្តីសម្រេចទាំងពីរនេះ អាចបង្កឱ្យមានបញ្ហាសំខាន់ៗផ្សេងគ្នា។ សេចក្តីសម្រេចមួយ នឹងផ្តល់ប្រយោជន៍ដល់ក្រុមហាម៉ាស និងទម្លាក់ចោលតម្រូវការក្នុងការដោះលែងចំណាប់ខ្មាំង ហើយមួយទៀតបង្ខូចកេរ្តិ៍ឈ្មោះអ៊ីស្រាអែល ដោយមិនផ្តល់ផ្លូវឆ្ពោះទៅរកការបង្កើនជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន”។
សង្គ្រាមនៅក្នុងតំបន់ប៉ាឡេស្ទីន បានចាប់ផ្តើមបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វាយលុកចូលទៅក្នុងសហគមន៍អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល២៥០នាក់ ត្រឡប់ទៅតំបន់ហ្កាហ្សាវិញ។ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សា ដោយបានជំរុញប្រជាជនជិត២,៣លាននាក់របស់ខ្លួនចេញពីផ្ទះរបស់ពួកគេ និងបានសម្លាប់មនុស្សជាង៤៤៨០០នាក់។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ៕