នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ៖ បើតាមការឱ្យដឹងពីមន្ត្រីយោធានៃទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូនេះថា នាវាកងទ័ពជើងទឹក កូរ៉េខាងត្បូង បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១២-១៤ ខែធ្នូ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងពិធីជំនួបគណៈប្រតិភូនាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ទរាម, កងទ័ពជើងទឹក, និងនាយនាវី ពលនាវីជាច្រើនរូបទៀត។ ចំណែក មេបញ្ជាការដឹកនាំ នាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋកូរ៉េ គឺ លោកវរនាវីឯក ឆយ ជុងស៊ូ CHOI JONG-SOO និងកងនាវីជាច្រើនរូបទៀត។
គួរបញ្ជាក់ផងដែរថា នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នេះមានឈ្មោះថា Wang Geon (DDH-978) មានទម្ងន់៤៩០០តោន, បណ្ដោយ១៥០ម៉ែត្រ, ទទឹង១៧,៤ម៉ែត្រ, ជម្រៅទឹក៧,៣ម៉ែត្រ, ល្បឿន៣០knots (ឬប្រហែល៥៦គីឡូម៉ែត្រក្នុងមួយម៉ោង) មាននាវិកសរុបចំនួន២៩៥នាក់ ក្នុងនោះក៏មាននារិកា៣៦នាក់ផងដែរ។