រដ្ឋមន្ត្រីក្រសួងជនភៀសខ្លួនតាលីបង់ Khalil Rahman Haqqan បានស្លាប់ក្នុងការបំផ្ទុះមួយនៅរដ្ឋធានីកាប៊ុល
កាប៊ុល៖ លោក Khalil Rahman Haqqani រដ្ឋមន្ត្រីក្រសួងជនភៀសខ្លួនរបស់រដ្ឋាភិបាលតាលីបង់ បានស្លាប់ក្នុងការបំផ្ទុះមួយនៅរដ្ឋធានីកាប៊ុល នេះបើតាមការបញ្ជាក់របស់ក្មួយប្រុសរបស់លោក គឺលោក Anas Haqqani ដែលបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Khalil Haqqani គឺជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់បណ្តាញ Haqqani ដែលជាក្រុមសកម្មប្រយុទ្ធដ៏មានឥទ្ធិពលមួយ ដែលត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារធំៗជាច្រើន ក្នុងអំឡុងពេលសង្គ្រាមអាហ្វហ្គានីស្ថាន រយៈពេល ២០ឆ្នាំ។ លោកបានក្លាយជារដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាលបណ្តោះអាសន្នរបស់តាលីបង់ បន្ទាប់ពីកងទ័ពបរទេសដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ ២០២១។
ទោះជាយ៉ាងណា ភ្លាមៗមូលហេតុនៃការបំផ្ទុះនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយមិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវនៅឡើយទេ។ ការស្លាប់របស់លោក Haqqani គឺជាការបាត់បង់ដ៏ធំមួយសម្រាប់រដ្ឋាភិបាលតាលីបង់ និងអាចនឹងប៉ះពាល់ដល់ស្ថិរភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕