នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម
ភ្នំពេញ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយចំពោះការបង្ហោះរូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងផ្ទុះប្រតិកម្មរិះគន់។
យោងតាមសេចក្តីបញ្ជាក់របស់ក្រសួងនាថ្ងៃ១២ ធ្នូនេះបានរៀបរាប់ពីរូបភាពកំពុងទទួលការរិះគន់នោះថា គឺជារូបភាពក្រៅឆាកនៃការថតភាពយន្តរបស់ផលិតករមកពីចិនសហការជាមួយផលិតករក្នុងស្រុកដែលកំពុងដំណើរការថតនៅតំបន់កំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ចំពោះភាពខុសឆ្គងក្នុងការប្រើប្រាស់សម្លៀកបំពាក់។
ពាក់ព័ន្ធករណីនេះ នាយកដ្ឋានភាពយន្តបញ្ជាក់ថា ផលិតកម្មរួម គ្នារវាង Palm Film Production របស់កម្ពុជា និង Benchmark Production របស់ចិន ទទួលបានសិទ្ធផលិតភាពយន្តរឿង “និទាននៃព្រៃស្មសាន” ដែលជាភាពយន្តបែបប្រឌិដ្ឋបរិយាយពីបុរស ជនជាតិចិនម្នាក់ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើននៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រភពបន្តថា “រូបភាពនៃសកម្មភាពថតភាពយន្តដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងរិះគន់ គឺជាឈុតមួយដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុង តំបន់នោះប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបាន កែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរជាមួយសម្ភារៈបរទេសនោះទេ។ ជារួមនៅពេលដែលភាពយន្តនេះកាត់ត ដំឡើងរូបភាពសម្រេច នោះទស្សនិកជននឹងមើលឃើញច្បាស់ថាមិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិយើងដែរ”។
ដូច្នេះ នាយកដ្ឋានស្នើសាធារណៈជន អ្នកសារព័ត៌មាន បណ្តាញសង្គមនានា កុំយករូបភាពនៃសកម្មភាពថតភាពយន្តមកផ្សព្វផ្សាយ និងបកស្រាយខុសពីទិដ្ឋភាពជាក់ស្តែងព្រោះក្រសួងវប្បធម៌ តែងតែពិនិត្យលម្អិតទៅលើសាច់រឿងមុននឹងផ្តល់ជូនផលិតករនូវលិខិត អនុញ្ញាតថត ដើម្បីជៀសវាងផលប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ៕