វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយដ៍ អូស្ទីន បានប្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតស៍ (Katz) តាមរយៈការហៅទូរសព្ទថា វាពិតជាមានសារសំខាន់ណាស់សម្រាប់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលក្នុងកិច្ចពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភដែលកំពុងផុសឡើងនៅប្រទេសស៊ីរី។
លោក អូស្ទីន បានប្រាប់ កាតស៍ ថា រដ្ឋធានីវ៉ាស៊ីនតោនកំពុងតាមដានការវិវឌ្ឍនៅក្នុងប្រទេសស៊ីរី ខណៈអាម៉េរិកបានគាំទ្រការផ្លាស់ប្ដូរនយោបាយដោយសន្តិវិធី និងរដ្ឋាភិបាលចម្រុះ។ នេះបើយោងតាមមន្ទីរបញ្ចកោណ។ លោកអូស្ទីនបន្ថែមថា សហរដ្ឋអាម៉េរិកនឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលមានគោលបំណងបង្កើតសំបុកឡើងវិញនៅក្នុងប្រទេសស៊ីរី។
ក្រុមឧទ្ទាមស៊ីរីដឹកនាំដោយមេខ្លោង អាប៊ូ ម៉ូហាម៉េដ អាល់ហ្កូឡានី (Abu Mohammed al-Golani) បានបញ្ចប់របបគ្រប់គ្រងផ្តាច់ការអស់រយៈពេលជាង៥០ឆ្នាំ ដោយគ្រួសារលោក អាសាដ ខណៈប្រធានាធិបតីរូបនេះ បានភៀសខ្លួនចេញពីប្រទេសទៅកាន់រដ្ឋធានីមូស្គូ កាលពីចុងសប្តាហ៍មុន ទន្ទឹមនឹងពិភពលោកកំពុងចាំមើលថា តើមេដឹកនាំថ្មីរបស់ស៊ីរីអាចរក្សាស្ថិរភាព និងបង្រួបបង្រួមប្រទេសបានដែរឬទេ?
គួររំឭកថា បន្ទាប់ពីការដួលរលំនៃរបបលោក អាសាដ យោធាអ៊ីស្រាអែលអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហាររាប់រយដងនៅក្នុងប្រទេសស៊ីរី និងបានបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ប្រទេសស៊ីរីជាច្រើនកន្លែង។ ការណ៍នេះ នាំឱ្យមន្ទីរបញ្ចកោណបញ្ជាក់ថា៖”លោក អូស្ទីន បានសង្កត់ធ្ងន់លើសារសំខាន់នៃការពិគ្រោះយោបល់ជិតស្និទ្ធរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល លើវិបត្តិនៅស៊ីរី”៕