បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅច្រកចូល កំពង់ស្ពឺកើត គ.ម ២៦ មានបុរសម្នាក់បានបើកម៉ូតូសម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបាននគរបាលចរាចរណ៍ផ្លូវល្បឿនលឿនឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា ចំពោះទោចក្រយានយន្តដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ ដោយមានបិតនូវលតាបត្រដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចស្នើសុំបាននៅទីតាំង មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួង និងផ្សារទំនើបអ៊ីអនមានជ័យ ដោយឥតគិតថ្លៃ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបសូមកុំយកគំរូតាម និងចូលរួមស្វែងយល់ អនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕