សម្តេចធិបតី ណែនាំឲ្យក្រសួងពាណិជ្ជកម្ម បន្តពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ហើយធ្វើយ៉ាងណា នាំផលិតផលខ្មែរ ទៅខាងក្រៅឲ្យកាន់តែច្រើនថែមទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ហើយគប្បីត្រូវខិតខំធ្វើយ៉ាងណា នាំផលិតផលខ្មែរ យកទៅខាងក្រៅឲ្យកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ សម្តេចធិបតី បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បង្កើនសកម្មភាពបន្ថែមទៀត ក្នុងការនាំផលិតផលខ្មែរទៅក្រៅស្រុក ហើយគប្បីត្រូវជួបផ្ទាល់ និយាយផ្ទាល់ ជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាធ្វើឲ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគពីក្រៅប្រទេសមកកម្ពុជា កាន់តែច្រើនទៀតនោះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងពាណិជ្ជកម្មពិនិត្យឡើងវិញ ឱ្យបានត្រឹមត្រូវនូវច្បាប់លិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់បន្តធ្វើទៅទៀត ដើម្បីអនុវត្តទៅឲ្យមានប្រសិទ្ធភាពខ្ពស់ ៕