ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌល ភីអេច ហេ្រ្គនហល បុរីប៉េងហួត បឹងស្នោ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)” ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវា កម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
បេសកកម្មចម្បងរបស់ CTE គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។
នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញ ផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ៕