សម្ដេចធិបតី ណែនាំឱ្យបន្តធ្វើទំនើបកម្មកិច្ចការពិព័រណ៍ តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យបន្តធ្វើទំនើបកម្មកិច្ចការពិព័រណ៍ តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍ និងការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍ សម្រាប់វិស័យឯកជន និង ស្ថាប័នរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ឆាប់រហ័ស។
សម្ដេចបានណែនាំបែបនេះក្នុងឱកាសអញ្ជើញ បើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ក៏បានណែនាំជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និង ប្រកបដោយ ចលនការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយធានាឱ្យបាននូវកម្មវិបាកអវិជ្ជមានជាអប្បរមា និង លើកឡើងនូវការស្នើវិធានការ និង យុទ្ធសាស្ត្រនានា ដើម្បីធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយកម្ពុជាចាកចេញដោយជោគជ័យនៅឆ្នាំ ២០២៩ ក៏ដូចជាការឈានដល់ការសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕