សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹអញ្ជើញបើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត នាល្ងាចនេះ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃម្ពុជា នាល្ងាចថ្ងៃទី១៣ ខែធ្នូនេះ នឹងអញ្ជើញជាអធិបតី បើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។
រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពតដែលជាម្ចាស់ផ្ទះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រៀបចំពិធីបុណ្យ សមុទ្រលើកទី១១ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ប្រធានបទ សម្រាប់ពីធីបុណ្យសមុទ្រលើកទី១១ នេះ គឺ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសកម្ពុជាយើងមានសក្តានុពលទេសចរណ៍សម្បូរបែប ទាំងវប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ នៅពេលដែលយើងនិយាយអំពីបេតិកភណ្ឌ ប្រាកដណាស់យើងនឹងនឹកឃើញដល់ប្រាសាទបុរាណដែលបុព្វបុរសយើងបានបន្សល់ទុកនៅ ស្ទើរគ្រប់គោលដៅពាសពេញផ្ទៃប្រទេស ក្លាយជាបេតិកភណ្ឌជាតិនិងជាបេតិភណ្ឌពិភពលោក ដែលជាមោទនភាពដ៏សម្បើមសម្រាប់យើងទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយ។
ការដាក់ចេញនូវប្រធានបទនេះ យើងចង់រំលេចឱ្យឃើញថាកម្ពុជាមានបេតិកភណ្ឌសម្បូរបែបមិនត្រឹមតែនៅតំបន់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ឆ្នេរសមុទ្រក៏យើងមានបេតិកភណ្ឌដែរ ពោលគឺមានបេតិកភណ្ឌទាំងនៅដីគោក(លើដី ក្នុងដី)និងនៅក្រោមទឹក។ តួយ៉ាងដូចនៅតំបន់ឆ្នេរសមុទ្រកម្ពុជាយើងដែល គ្របដណ្តប់បួនខេត្ត មានបេតិកភណ្ឌច្រើនណាស់ដូចជា៖ មានសំពៅលិច ដែលអ្នកជំនាញបានស្រាវជ្រាវរកឃើញកុលាលភាជន៍ ពពួកសេរ៉ាមិក (កោះស្តេច) កន្លែងតម្កល់មឈូសឈើ ពាងក្រឡធំៗដាក់សពសម័យបុរាណ (នៅជីផាត)ទីទួលស្លាកស្នាមមនុស្សរស់នៅជាដើម។ ដោយឡែកនៅខេត្តកំពតនេះ ក៏មានបេតិកភណ្ឌច្រើនដែរ រាប់តាំងពីសំណង់ស្ថាបត្យកម្មសម័យអាណានិគម ប្រាសាទនៅក្នុងរូងភ្នំ(ភ្នំឈ្ងោក)នៅគុហាហ្លួងភ្នំកំពង់ត្រាច ភ្នំទទុង ភ្នំខ្យង ព្រមទាំងវិហារបុរាណ ទីទួលបុរាណផ្សេងៗទៀត។ និយាយជារួម ប្រធានបទបុណ្យសមុទ្រឆ្នាំនេះ ចង់រំលេចឱ្យឃើញពីការយចិត្តទុកដាក់ក្នុងការអភិរក្សថែរក្សាធនធានធម្មជាតិជីវៈចម្រុះបេតិកភណ្ឌនៅតំបន់ឆ្នេរ និងការអភិវឌ្ឍប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចីរភាពនៃសក្តានុពលទសចរណ៍តំបន់ឆ្នេរ ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយទៀត។
បុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយ ដែលប្រារព្ធឡើងឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តទាំងបួននៃតំបន់ឆ្នេរដែលពោរពេញដោយសក្តានុពល៕