សម្ដេចនាយករដ្ឋមន្ដ្រីវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗនៅខេត្តកំពត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗនៅខេត្តកំពត ពិសេសការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត និងកំពង់ផែទេសចរណ៍អន្ដរជាតិ។
សម្ដេចធិបតី មានប្រសាសន៍ថា «ថ្មីៗនេះ យើងបានសម្ពោធនូវសមិទ្ធផលធំៗពីរទាក់ទងវិស័យទេសចរណ៍ ទី១៖ កំពង់ផែពហុបំណងកំពត ដែលជាផែទឹកជ្រៅអាចជួយជំរុញវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ហើយទី២ម្សិលមិញនេះ ជាការសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន កំពង់ផែទេសចរណ៍អន្ដរជាតិ ដែលជាការធ្វើការរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៉ី»។
សម្ដេចធិបតី ក៏បានរំលឹកឡើងវិញនូវការលើកឡើងមួយចំនួនពាក់ព័ន្ធកំពង់ផែនេះ ដោយបង្ហាញនូវការព្រួយបារម្ភថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអាចអភិវឌ្ឍន៍ទៅរួចឡើយប្រៀបដូចជាការបោះលុយចោល ប៉ុន្ដែផ្ទុយទៅវិញ សម្ដេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានសិក្សាគិតគូរច្បាស់លាស់ណាស់ មុននឹងសម្រេចចិត្តសាងសង់នូវកំពង់ផែនេះ។
សូមជម្រាបថា បច្ចុប្បន្ននេះ ខេត្តកំពត ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលផងដែរ ដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅលេងកម្សាន្ដនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកនានា។ ការសម្រុកទៅលេងកម្សាន្ដនៅខេត្តប៉ែកនិរតីនេះ ដោយសារតែការរៀបចំនូវផលិតផលទេសចរណ៍ថ្មីៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីផ្ដល់ជម្រើសកាន់តែសំបូរដល់ប្រជាពលរដ្ឋ៕