ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុតដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយតំណាងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដឹកនាំប្រជុំក្រុមការងារលើកទី១ ជាមួយ តំណាងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តមលោកជំទាវតំណាងក្រសួង ស្ថាប័ន ក្នុងក្រុមការងារ។ ចំណែកឯតំណាងធនាគារពិភពលោករួមមានលោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា អមដោយ លោក Sebastian Eckardt ប្រធានអនុវត្ត និងលោក Andrea Coppola ជាអ្នកដឹកនាំកម្មវិធី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោកមួយចំនួនទៀត។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងនាមជាប្រធានក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងលោកស្រីនាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារសំខាន់នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកពីពីសារបានជូនអង្គប្រជុំថា ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចាប់ផ្ដើមចាប់តាំងពីឆ្នាំ២០១៨ ក្នុងការរៀបចំសេចក្ដីព្រាងឯកសារចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប៉ុន្ដែកិច្ចការនេះត្រូវបានពន្យារពេលដោយសារវិបត្ដិជំងឺកូវីដ-១៩។ ជាទិសដៅទៅមុខ សេចក្ដីព្រាងឯកសារចក្ខុវិស័យនេះ ត្រូវការមានការកែសម្រួលឡើងវិញ ឱ្យឆ្លើយតបនឹងបរិការណ៍ និងស្ថានភាពសង្គមសេដ្ឋកិច្ច ទាំងក្នុងនិងអន្ដរជាតិបច្ចុប្បន្ន ដែលមានលក្ខណៈប្រែប្រួល មិនច្បាស់លាស់ ស្មុគស្មាញ និងមិនប្រាកដប្រជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ចក្ខុវិស័យ២០៥០ មិនមែនត្រឹមតែប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នោះទេ តែជាបំណងប្រាថ្នាប្រកបដោយមហិច្ឆិតាខ្ពស់ក្នុងការកសាងជាតិ (Nation Building)។ ការចូលរួមរបស់ធនាគារពិភពលោក នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការការរៀបចំឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវមានភាពជាម្ចាស់លើការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់ខ្លួន ដែលមានលក្ខណៈប្រាកដនិយម ប្រកបដោយគោលដៅច្បាស់លាស់ ព្រមទាំងកំណត់អំពីទិសដៅនិងមាគ៌ាត្រឹមត្រូវសម្រាប់កម្ពុជា។
លោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសម្តែងសេចក្តីរីករាយក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំរបាយការណ៍ដ៏មានសារៈសំខាន់នេះ តាមរយៈការកៀរគរអ្នកជំនាញដើម្បីចូលរួមក្នុងការបំពេញបំណងប្រាថ្នារបស់កម្ពុជាឱ្យក្លាយជាការពិត។
លោកស្រីក៏បានចែករំលែកផងដែរថា ជាបទពិសោធន៍របស់ប្រទេសក្នុងតំបន់ ទោះបីជាការរៀបចំឯកសារចក្ខុវិស័យមានគុណភាពល្អនិងគ្រប់ជ្រុងជ្រោយក្តី ប៉ុន្តែការអនុវត្ដផែនការទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់គឺជាបញ្ហាប្រឈមខ្លាំង ដែលការណ៍នេះចាំបាច់ត្រូវមានការសហការនិងចូលរួមអនុវត្ដពីគ្រប់ក្រសួង ស្ថាប័ន ហើយប្តេជ្ញាយកផលប្រយោជន៍រួមរបស់ប្រទេសជាតិជាធំ។
លោកស្រីក៏បានបន្ថែមថា ការកំណត់ទិសដៅក្លាយជាប្រទេសមានចំណូលខ្ពស់ គឺទាមទារជាចាំបាច់នូវការគិតគូរលើបញ្ហាមួយចំនួនទៀត ជាពិសេស ការពង្រឹងនីតិរដ្ឋនិងអភិបាលកិច្ច ការបង្កើនកំណើននិងផលិតភាពសេដ្ឋកិច្ច កសាងមូលធនមនុស្ស ពង្រឹងអភិបាលកិច្ច សុខាភិបាល និងបរិយាកាសវិនិយោគ និងធុរកិច្ចជាដើម។ ក្នុងន័យនេះ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ទាមទារនូវសមាសភាពបីចូលរួមជាចាំបាច់ដែលមិនអាចខ្វះបានគឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២. ត្រូវធ្វើការកែទម្រង់មុតស្រួច, និងទី៣. ត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវទៅតាមផែនការ ប្រកបដោយមានតម្លាភាព ប្រសិទ្ធភាព និងដោយបរិយាបន្ន។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់អនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការតទៅមុខក្នុងការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយក្នុងនោះបានស្នើ៣ចំណុចដល់ក្រុមការងារធនាគារពិភពលោក រួមមាន៖ ទី១៖ ពិនិត្យនិងប្រមូលផ្តុំព័ត៌មាន ព្រមទាំងបទពិសោធពីបណ្ដាប្រទេសនានាក្នុងការរៀបចំនិងអនុវត្ដចក្ខុវិស័យរបស់ខ្លួន ដើម្បីចែករំលែកជាមួយរដ្ឋាភិបាលកម្ពុជា, ទី២៖ បញ្ជាក់នូវតម្រូវការស្ថិតិទិន្នន័យដែលរដ្ឋាភិបាលអាចនឹងផ្តល់ជូនសម្រាប់ការរៀបចំរបាយការណ៍ និងទី៣៖ ផ្តល់នូវការបណ្តុះបណ្តាលពាក់ព័ន្ធនានា ក៏ដូចជាវិធីសាស្រ្ដក្នុងការរៀបចំ ដល់ក្រុមការងារតំណាងរាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល ជួយពិនិត្យនិងផ្តល់យោបល់លើបទបង្ហាញដោយធនាគារពិភពលោក ព្រមទាំងពិនិត្យលើការរៀបចំយន្ដការការងារ រួមមាន៖ ទី១. ត្រូវធ្វើការសហការគ្នាឱ្យបានជិតស្និតក្នុងការអនុវត្តការងារជាមួយក្រុមការងារបច្ចេកទេសជំនាញតាមវិស័យរបស់ធនាគារពិភពលោក និងទី២. រៀបចំផែនការសកម្មភាពច្បាស់លាស់ ដើម្បីមានភាពងាយស្រួលក្នុងការតាមដានលើវឌ្ឍនភាពការងារ ៕