ពលរដ្ឋងាយរងគ្រោះបំផុត ៥៣គ្រួសារ នៅក្នុងឃុំទួលសុភី ស្រុកអូររាំងឪ បានទទួលការជួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន លេខាធិការ សមាជិក សមាជិកា គណ:កម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា អនុសាខា និងក្រុមកាកបាទក្រហមកម្ពុជាឃុំព្រះធាតុ ព្រមទាំងសហការី ជាមួយមន្ទីរអង្គភាពជុំវិញខេត្តចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥៣ រស់នៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណសាលាបឋមសិក្សាបឹងផ្តិល ស្ថិតនៅភូមិបឹងផ្តិល ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ឯកឧត្តម អ៊ាង សុផល្លែត ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារជនងាយរងគ្រោះបំផុតនៅក្នុងភូមិ ឃុំ ស្រុកខាងលើ អំពីសេចក្ដីនឹករឭករបស់សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល”។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក៏បានជូនពរដល់គ្រួសារងាយរងគ្រោះទាំងអស់គ្នាសូមមានសុខភាពល្អឆាប់ជាសះស្បើយពីរោគាពាធ និងអំពាវនាវឱ្យបងប្អូនខិតខំថែរក្សាសុខភាពឱ្យបានល្អដើម្បីកុំឱ្យមានជំងឺឈឺថ្កាត់ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសសូមឱ្យបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺឆ្លង ឬមិនឆ្លងនានាទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករចំនួន២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវយួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕