ក្រសួងមុខងារសាធារណៈ អបអរសាទរខួបលើកទី៣២ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានអបអរសាទរខួបលើកទី៣២ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) នៃការដាក់បញ្ចូល«តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ជាខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
តំបន់រមណីយដ្ឋានអង្គរដែលត្រូវបានស្គាល់ទូទាំងសាកល លាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០ គីឡូម៉ែត្រក្រឡា ដែលមានប្រាង្គប្រាសាទបុរាណខ្មែរស្ថាបត្យកម្មដ៏មហិមាអស្ចារ្យ ជាច្រើនរាប់រយ បូករួមបញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញផងដែរ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា លើសពីនេះទៅទៀតតំបន់អង្គរក៏បានឆ្លុះបញ្ចាំងអំពីជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា ក៏ដូចជា សិល្បៈដែលបានចារតាមរយ: ប្រាង្គប្រាសាទ រចនាបថ សិលាចារឹកដែលបង្ហាញឱ្យឃើញអំពីវិសាលភាព ភាពរីកចម្រើន នៃវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អផូផង់តាំងពីយូរលង់ណាស់មកហើយ។
ថ្ងៃនេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ «បុណ្យរំលឹកគុណអង្គរ» ក្នុងគោលបំណងចូលរួមអបអរសាទរ ការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជាក្នុងគោលបំណងដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
កូនចៅជំនាន់ក្រោយ សូមរម្លឹកដឹងគុណចំពោះគម្រូវីរភាព និងការពលីរបស់បុព្វបុរស ក៏ដូចជាដូនតាគ្រប់ជំនាន់ ដែលបានកសាង និងបន្សល់ទុកនូវកេតនភណ្ឌដ៏មហិមាជាច្រើន រួមមានប្រាង្គប្រាសាទអង្គរវត្តមានជាអាទិ៍។ កេរមរតកទាំងអស់នេះ ជាការដាស់កូនខ្មែរគ្រប់រូប ក្នុងស្មារតីសាមគ្គីភាព ឯកភាពទស្សនៈ ចេះស្រឡាញ់គ្នា និង ជាពិសេសប្តេជ្ញាថែរក្សាមរតកដូនតាឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ។ សូមដួងព្រលឹងបុព្វបុរសខ្មែរយាង តាមថែរក្សាកូនចៅគ្រប់ៗគ្នា ៕