នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤។
ខ្លឹមសារ ស្មារតីនៃជំនួបសំណះសំណាលមានដូចខាងក្រោម៖
១. ក្រុមជម្រើសជាតិកម្ពុជានៅសល់ពីរប្រកួតទៀតនៅក្នុងពូលរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024។ ហើយឱកាសសម្រាប់ឡើងទៅវគ្គបន្ត គឺយើងនៅមាននៅឡើយ ដូច្នេះឆន្ទៈនៅក្នុងការត្រៀម ហ្វឹកហ្វឺនសម្រាប់ការប្រកួតដណ្តើមយកលទ្ធផលល្អ និងជ័យជម្នះជូនជាតិ ភារកិច្ចនេះក្រុមជម្រើសជាតិកម្ពុជា នៅតែមានឆន្ទៈមុះមុតបន្ត។
២. ជាមួយនឹងការបន្តទៅមុខរបស់ក្រុមជម្រើសជាតិកម្ពុជា ដោយបញ្ហារបួស កីឡាករ ២នាក់នឹងត្រូវអវត្តមាន
– កីឡាករ កាន់ ម៉ូ ក្រោយពីទទួលបានការព្យាបាល ឥឡូវកំពុងស្ថិតនៅក្រោមការតាមដានស្ថានភាពបន្តចំនួន ១សប្ដាហ៍ទៀត នៅប្រទេសសិង្ហបុរី។
– កីឡាករ គឹម សុខយុទ្ធ ស្ថានភាពរបួសសរសៃពួរ ត្រូវការពេលសម្រាកព្យាបាលចំនួន ៣ខែ និងត្រូវត្រលប់ទៅក្លិបបាល់ទាត់ខ្លួនវិញសម្រាប់ការព្យាបាលបន្ត។
៣. ចំពោះករណីដែលបានកើតឡើង ហើយមើលទៅមានភាពមិនប្រក្រតីខុសពីធម្មតា សម្រាប់ការប្រកួតកន្លងមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បានបើកការស៊ើបអង្កេតអំពីករណីនោះហើយ។ ចំពោះមន្រ្តី និងកីឡាករទាំងអស់ ដែលស្មោះត្រង់ និងមិនពាក់ព័ន្ធ គឺគ្មានអ្វីត្រូវព្រួយបារម្ភចំពោះសុច្ចរិតភាពរបស់ខ្លួនឡើយ។
៤. ដើម្បីប្រមូលផ្ដុំ និងប្រមូលអារម្មណ៍ឡើងវិញជាធ្លុងមួយ ដោយមិនមានការរំខានពីកត្តាខាងក្រៅ ក្រុមជម្រើសជាតិកម្ពុជានឹងបន្តហ្វឹកហាត់ដោយបិទទ្វារ រហូតដល់ការហ្វឹកហាត់ផ្លូវការ និងការប្រកួតតែម្ដង ៕