ក្រសួងបរិស្ថាន បើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែង ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការ និងអនុគណៈកម្មការ រៀបចំសន្និបាត ដែលបានចាត់ចែង រៀបចំ និងសម្របសម្រួលការងារនានាបាន ល្អប្រសើរ ធ្វើឱ្យសន្និបាតអាចប្រពឹត្តទៅបានដោយ រលូននាថ្ងៃនេះ។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ការជួបជុំគ្នានេះ គឺជាឱកាសដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់យើង ទាំងអស់គ្នា ទាំងក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព មន្ទីរបរិស្ថាន រាជធានី ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលសម្រេចបានរយៈពេល១ឆ្នាំកន្លងមកនេះ ព្រមទាំង ចូលរួម និងធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលានុវត្ថភាព ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទ ពិសោធន៍ មេរៀនគួរៀនសូត្រ និងចំណេះដឹងថ្មីៗ ពិសេសពង្រឹងចំណង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ឈានទៅអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តនិងកំណត់ទិសដៅការងារត្រូវអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ ឱ្យកាន់ តែមានភាពសមស្រប ស៊ីសង្វាក់ សំដៅសម្រេចឱ្យបានសុក្រឹត្តកម្មបរិស្ថានកិច្ច និង សមិទ្ធផលថ្មីៗបន្ថែមទៀតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្លើយតបនឹង កម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ទី១ នីតិកាលទី៧ នៃរដ្ឋសភា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវចក្ខុវិស័យរួម ធ្វើយ៉ាងណាឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យ រួមនេះ រាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់ទី១ កំណត់កម្មវិធីនយោបាយផ្តោតចម្បងដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព”។ បានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ បន្តអនុវត្តនូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងដាក់ចេញនូវអភិក្រម គន្លឹះចំនួន៥ទៀតគឺ ទី១កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ទី២កំណែទម្រង់ រដ្ឋបាលសាធារណៈ ទី៣កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទី៤កំណែទម្រង់ច្បាប់ និងទី៥កំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ដើម្បីកំណើន លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឆ្លើយ តបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងកសាងភាពធន់នៃវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្សនិងសង្គម និង វិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះអាទិភាពលើវិស័យបរិស្ថានដែលត្រូវសម្រេចឱ្យបាន ក៏បានបរិយាយច្បាស់ដែរ នៅត្រង់បញ្ចកោណទី៤ មុំទី២ ទី៤ និងទី៥ ព្រមទាំងក្រមបរិស្ថាន និងធនធាន ធម្មជាតិ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកម /០១៩៦/ ២១ ចុះថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានមានភារកិច្ចកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យ បរិស្ថាននៃ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែក អនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប ឈ្លាសវៃរបស់ សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានដាក់ចេញនូវ“យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣២០២៨”។ យុទ្ធសាស្រ្តនេះរៀបចំឡើងជារង្វង់(ចក្រា) នៅរង្វង់ខាងក្នុងមានស្នូល យុទ្ធសាស្រ្ត ធំៗចំនួន៣(បី)គឺគោលនយោបាយ រដ្ឋបាលឌីជីថល និង ផ្សព្វផ្សាយ ចំណេះដឹងបរិស្ថាន នៅរង្វង់ខាងក្រៅមានយុទ្ធសាស្ត្រស្នូលធំៗ ចំនួន ៣(បី)ទៀត គឺភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ភាពស្អាត៖ ក្រសួងបានបើកយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” និងពង្រឹង នូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណៈជនយល់ ដឹង។ កាត់បន្ថយការប្រើ ប្រាស់ ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងប្រទេសប្រមាណជាង៩,៧លានអង្គនាក់ និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមអនុវត្តប្រមាណជាង ៣,៥លាន អង្គនាក់។ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ ប្លាស្ទិក រាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើ ធៀបនឹងឆ្នាំ ២០២៣ ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។ ក្រសួងបានកែលម្អស្ថានីយ៍ គ្រប់ គ្រងសំណល់រឹង រាវ តាមស្តង់ដារ និងមានអនាម័យបានល្អ។ បង្កើនការត្រួត ពិនិត្យនិងធ្វើតេស្តគុណភាពទឹកទូទាំង ប្រទេសបានល្អ។ ជំរុញការបំពាក់ឧបករណ៍ ស្វ័យ ប្រវត្តិ តាមរោងចក្រ សហគ្រាស បង្កើនការទប់ស្កាត់ការហូរសារធាតុពុលចូល ទៅក្នុងប្រភពទឹកស្អាតសាធារណៈ។ ភាពបៃតង៖ បានបើកយុទ្ធនាការទូទាំង ប្រទេស បណ្តុះ ចែក និងដាំកូនឈើ/កូនត្នោត ក្រោមមូលបទ “ពន្លកបៃតង” បានចំនួន ១,៨លានដើម ហើយចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់យុទ្ធនាការនេះមក ដល់ខែវិចិកា ឆ្នាំ២០២៤ នេះក្រសួង បរិស្ថាន បានផលិតកូនឈើបន្ថែមទៀតបានជិត ៨០ម៉ឺនកូន និងបានចែកជូនសាធារណៈ ជន ដោយឥតគិតថ្ងៃប្រមាណ ២៧ម៉ឺនដើម។ បានពង្រឹងការថែរក្សា ការពារ អភិរក្សធនធាន ធម្មជាតិ ជីវៈចម្រុះ ក្នុងតំបន់ការពារធម្មជាតិឱ្យបានស្រស់ បំព្រង។ បានបង្កើននូវ គម្រោងលំហែបៃតងបែបធម្មជាតិលើកកម្ពស់ចំណេះដឹង ដល់ប្រជាសហគមន៍អំពីរបរចិញ្ចឹមជីវិ តនិងការផ្តល់សេវាទេសចរណ៍។ សមិទ្ធផល ដែលក្រសួងសម្រេច បានទាំងភាពស្អាត និងភាពបៃតង គឺក្នុង គោលបំណង ធ្វើឱ្យ បរិស្ថានប្រទេស យើងមានបរិស្ថានល្អ សម្អាតផ្ទះ យើងឱ្យ បាន ស្អាត មានអនាម័យ សុខភាពល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅប្រទេសយើង នាំឱ្យប្រទេសយើង រីកចម្រើន ល្បីល្បាញលើឆាក អន្តរជាតិ។ ចីរភាព៖ ក្រសួងបានពង្រឹង និង ពង្រីកកិច្ច សហប្រតិបត្តិការក្នុង ការកៀរគរធនធាន កៀរគរការគាំទ្រពីដៃគូ អភិវឌ្ឍន៍ ជាតិ អន្តរជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល និងមហាជន នានា ជាកម្លាំងចលកររុញច្រានធ្វើឱ្យ ភាពស្អាត និងភាពបៃតង នៅប្រទេសកម្ពុជាយើង មានចីរភាពតរៀងទៅ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា បើទោះបីជាក្រសួងសម្រេចបានសមិទ្ធផលគួរជាទីកត់សម្គាល់ជាច្រើនក៏ដោយ ក៏យើងនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនត្រូវជម្នះ និងចូលរួមដោះ ស្រាយបន្តដូចជា បង្កើននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចូលរួមគោរពច្បាប់ឱ្យបាន១០០% ការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត គោលការណ៍ណែនាំអនុវត្ត អនុសញ្ញា ពិធិសារ កិច្ចព្រមព្រៀងអន្តរជាតិនានា។ ពង្រឹងកិច្ចសហប្រតិបត្តិការ កៀរគរធនធានបង្កើនស្ថិរភាពថវិកា បន្តចលនារុញ ច្រានឱ្យយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” យុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” យុទ្ធនាការក្រោមមូលបទ “ពន្លកបៃតង” យុទ្ធនាការទុកដាក់និងញែកសំរាម ព្រមទាំងវេទិកាបរិស្ថាន វេទិកាប្រែប្រួលអាកាសធាតុ ឱ្យមហាជនចូលរួមអនុវត្តរួមគ្នាទាំងបុគ្គល គ្រួសារ សហគមន៍ ភូមិ ឃុំ ស្រុក ខេត្ត និងទូទាំងប្រទេស រហូតក្លាចជាទម្លាប់ តរៀងទៅ។ បន្តរួបរួមគ្នាការពារ ទប់ស្កាត់ ថែរក្សា អភិរក្ស និងស្តារឡើងវិញនូវ បរិស្ថាននិងធនធានធម្មជាតិទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិឱ្យ សំបូរបែបឡើងវិញ។ល។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានរំលឹកថា សមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបានក្នុងឆ្នាំ ២០២៤នេះ គឺដោយសារការខិតខំប្រឹងប្រែងពួតដៃគ្នារបស់ក្រុមការងារគ្រួសារ ក្រសួងបរិស្ថាន ក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការចូលរួមអនុវត្តរួមគ្នាពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថាន បណ្តុះបណ្តាល និងបណ្តាប្រទេសជាមិត្តនានា ពិសេសគ្រួសារបរិស្ថានសកល ហើយបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមានក៏មានការគាំទ្រ ចូលរួមជម្នះរួមគ្នាពីដៃគូពាក់ព័ន្ធទាំងអស់ដែរ។
ឆ្លៀតឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ជាអណែកជូនដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល និងបណ្តាប្រទេសជាមិត្តនានា ពិសេសគ្រួសារបរិស្ថាន សកលនិងសំណូមពរសូមបន្តនូវស្មារតីរួបរួមសាមគ្គីជាធ្លុងមួយដ៏ល្អនេះបន្តទៅ មុខទៀត ដោយស្មារតីបុរេសកម្ម សាមគ្គីគ្នា វិជ្ជាជីវៈខ្ពស់ ច្នៃប្រឌិតខ្ពស់ និង សហថាមពលស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីសម្រេច បាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ ពិសេស រួមគ្នាសម្រេច បេសកកម្មបរិស្ថានសកលមាន ភាពស្អាត ភាពបៃតង និងចីរភាព ទាំងអស់គ្នា។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤ និងលើក ទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន ដែលរៀបចំនេះមាន រយៈពេល២ថ្ងៃ នឹងដំណើរការទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយ មានការអញ្ជើញចូលរួមពីគ្រួសារក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់កណ្តាល និងមន្ទីររាជធានី ខេត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល អង្គទូត និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបប្រមាណ ៧០០នាក់។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្ឃឹមថាលទ្ធផលដែលទទួលបានពីអង្គសន្និបាតរយៈពេល២ថ្ងៃខាងមុខនេះ នឹងបានជាធាតុចូលដ៏ល្អៗ សំខាន់ៗស្របតាមបរិបទសេដ្ឋកិច្ច សង្គម វប្បធម៌ គោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តសកល ក៏ដូចជានិន្នាការរួមរបស់ពិភពលោក ដល់ក្រសួង បរិស្ថាន កំណត់បានទិសដៅ អាទិភាពអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ខាងមុខឈានឆ្ពោះទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ៕