នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្យល់គុណតម្លៃ និងអត្ថប្រយោជន៍ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធ ៨ចំណុច ដែលរាជរដ្ឋាភិបាលគិតគូរ និងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពន្យល់អំពីគុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធ ៨ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
គុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធ ៨ចំណុច ដែលសម្តេចធិបតី បានថ្លែងពន្យល់ក្នុងនោះរួមមាន៖
ទី១. ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង, មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់។
ទី២. អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។
ទី៣. ក្រោយចុះឈ្មោះ និងទទួលបានការអនុម័តរួច បងប្អូននឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការបញ្ជាក់នៃការទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។
ទី៤. ការចុះឈ្មោះនេះ នឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី។
ទី៥. ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយចៀសវាងទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការ។
ទី៦. លទ្ធភាពក្នុងការចូលជាសមាជិករបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
ទី៧. ការចុះឈ្មោះនេះ នឹងជួយរាជរដ្ឋាភិបាលក្នុងការកសាងទិន្នន័យល្អ ដែលនឹងផ្តល់លទ្ធភាពដល់រដ្ឋក្នុងការផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ជាពិសេសក្នុងអំពឡុងពេលនៃវិបត្តិនានា។
ទី៨. ការចុះឈ្មោះនេះ នឹងជួយសម្រួលដល់បងប្អូនឱ្យទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដល់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តវិធានការដែលមានចែងក្នុងយុទ្ធសាស្ត្រជាតិ ហើយដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងគិតគូររៀបចំសកម្មភាពគាំទ្របន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានការយកចិត្តទុកដាក់, ភាពកក់ក្តៅ និងការជួយគាំទ្រ ជាពិសេសនៅតាមមូលដ្ឋានដែលបងប្អូនកំពុងប្រកបអាជីវកម្ម និងមុខរបរ ៕