ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានជំរុញនូវភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក “សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់ក្រសួងបរិស្ថាន។ ពិធីនេះ បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត និងតំណាងអង្គការជាតិ អន្តរជាតិជាដៃគូ ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រសួងបរិស្ថាននៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យ បាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន អនុលោមភាពទៅតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋាននានារបស់កម្ពុជា សំដៅរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព និងដើម្បី ប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តមប្រយោជន៍ បម្រើជូនប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕