ក្រសួងធនធានទឹក ប្រជុំបូកសរុបលទ្ធផលនៃការចុះបេសកកម្មតាមបណ្តាខេត្តជាមួយគណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះបេសកកម្មរបស់ក្រុមការងារធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលដឹកនាំដោយលោកបណ្ឌិត Rajesh Yadav នៅតាមបណ្តាខេត្គគោលដៅរួមមានខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំណុះឱ្យក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា មន្រ្តីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ឱ្យដឹងថា ការចុះបេសកកម្មទៅកាន់ទីតាំងផ្ទាល់របស់គណៈប្រតិភូ នៅតាមបណ្តាខេត្តគឺដើម្បីធ្វើការអនុវត្តគម្រោងកសាងប្រព័ន្ធធារាសាស្រ្តដោយមានភាពធន់ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ ដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការរំដោះទឹក និងពង្វាងទឹកចេញបណ្តាខេត្តខាងលើ ហើយកាត់បន្ថយឱ្យបានជាអតិបរិមាលើជំនន់គ្រប់ប្រភេទ និងកាត់បន្ថយគ្រោះមហន្តរាយដែលកើតមានឡើងពីគ្រោះរាំងស្ងួត៕