រដ្ឋសភានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការអនុវត្តអនុសញ្ញា CEDAW ប្រកបដោយប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ នាព្រឹកថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាស្តីពី អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងសេចក្តីសង្កេតសន្និដ្ឋាន (Concluding Observation)។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍លើកឡើងថា អនុសញ្ញានេះគឺជាឯកសារកិច្ចព្រមព្រៀងអន្តរជាតិ ដែលសរបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈនយោបាយនៃបណ្តាប្រទេសចំនួន១៨៩ នៅលើសកលលោកក្នុងការលុបបំបាត់ការរើសអើងផ្លូវភេទ និងអនុញ្ញាតឱ្យស្ត្រី និងក្មេងស្រីអាចប្រើប្រាស់ជីវិតរបស់ពួកគេនៅក្នុងគ្រប់ទិដ្ឋភាពនៃសង្គមដោយស្មើភាពគ្នាជាមួយនឹងបុរស។
លោកជំទាវបន្តថា ក្នុងអាណត្តិនៃការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ” បានគិតគូរជាពិសេសលើការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល និងបានដាក់បញ្ចូលនៅក្នុងគ្រប់របៀបវារៈគោលនយោបាយ រាប់ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។
មួយវិញទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកវិសាលភាពនៃការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់ទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងនយោបាយ តាមរយ:ការបញ្ជ្រាបសមភាពយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល សម្តេចធិបតី បានលើកឡើងផងដែរថា “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”។
ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗជាច្រើនដែលមានលក្ខណ:ទូលំទូលាយ និងគ្របដណ្តប់នៅក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងបានអនុម័តតម្លើងកញ្ចប់ថវិកាប្រចាំឆ្នាំលើគ្រប់វិស័យ ជាពិសេសលើវិស័យសុខាភិបាល និងអប់រំ ក្នុងគោលបំណងលើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខដុមនីយកម្មនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
រដ្ឋសភាក៏បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលុបបំបាត់គម្លាតយេនឌ័រទាំងប្រពៃណី និងមិនមែនប្រពៃណី លើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ជាពិសេសការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងការប្រែក្លាយ និងអភិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំ តាមរយៈការបញ្រ្ជាបទិដ្ឋភាពយេនឌ័រទៅក្នុងរាល់សេចក្តីព្រាងច្បាប់ និងគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិសំដៅលើកកម្ពស់ភាពជាតំណាងរបស់ស្ត្រី ព្រមទាំងការគិតគូរផ្សេងទៀតដែលជាបញ្ហាដាច់ដោយឡែករបស់ស្ត្រីដូចជាយុទ្ធនាការពណ៌ទឹកក្រូច យុទ្ធនាការ #Girl2Leader ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់ “ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី” (ក.ស.ក.ន.ស.) សំដៅជំរុញទឹកចិត្តក្មេងស្រីឱ្យហ៊ានមានក្តីស្រមៃក្លាយជាអ្នកដឹកនាំ និងបានផ្តល់ឱកាសឱ្យក្មេងស្រីបានជួបដោយផ្ទាល់ជាមួយអ្នកនយោបាយស្ត្រី ដើម្បីស្តាប់នូវបទពិសោធ និងប្រវត្តិតស៊ូ និងការរៀបចំសិក្ខាសាលាផ្សេងៗដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺមិនឆ្លង និងផលប៉ះពាល់មកលើសមភាពយេនឌ័រ ។ល។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋសភាកម្ពុជា ក្នុងការឆ្លើយតបនឹងយេនឌ័រ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានក្លាយជាប្រធានរដ្ឋសភា ជាពិសេសសម្តេចក៏ជាអ្នកផ្តួចផ្តើមគំនិតផ្ទាល់ក្នុងការបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រីដែលបានក្លាយជាបណ្តាញតភ្ជាប់សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាដើម្បីចូលរួមលើកកម្ពស់តួនាទីអ្នកនយោបាយសភាស្ត្រីទាំងលើឆាកជាតិ និងអន្តរជាតិ រហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជាច្រើន។
លោកជំទាវ ឡោក ខេង ជឿជាក់ថា កិច្ចសន្ទនាក្នុងថ្ងៃនេះនឹងអនុញ្ញាតឱ្យសមាជិកសភា ជាពិសេសសមាជិកទើបនឹងមកកាន់មុខតំណែងថ្មីព្រមទាំងក្រសួង-ស្ថាប័នបានស្វែងយល់កាន់តែច្បាស់អំពីកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា ដើម្បីបំពេញកិច្ចការនេះ រដ្ឋសភានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការធានាការអនុវត្តអនុសញ្ញា CEDAW ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកជំទាវបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បុរសនៅក្នុងកិច្ចពិភាក្សានាពេលនេះ និងបានលើកទឹកចិត្តឱ្យបន្តចូលរួមសកម្មភាព និងគាំទ្របុព្វហេតុលើកកម្ពស់សមភាពយេនឌ័រនេះ ដើម្បីធ្វើជាគំរូដល់បុរសដទៃទៀតឱ្យយល់ជ្រាបថា សមភាពយេនឌ័រ និងការប្រឆាំងរាល់ទម្រង់នៃការរើសអើងលើស្ត្រីគឺជាតួនាទីរបស់យើងទាំងអស់គ្នាទាំងស្ត្រី និងបុរស។
សូមជម្រាបផងដែរថាកិច្ចសន្ទនាស្តីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹង នារីភេទ (CEDAW) និងសេចក្តីសង្កេតសន្និដ្ឋាន (Concluding Observation) មានសមាសភាពចូលរួមប្រមាណ៩០រូប ដែលជា សមាជិការដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងតំណាង UNWOMEN ផងដែរ៕