សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ការីក ដែលកម្ពុជាចង់បាន គឺកិច្ចអភិវឌ្ឍន៍ មិនមែន ផ្ការីក នាំទៅរកសង្គ្រាមឡើយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ផ្ការីក» ដែលកម្ពុជាចង់បានគឺកិច្ចអភិវឌ្ឍន៍ មិនមែន «ផ្ការីក» នាំទៅរកសង្គ្រាមនោះឡើយ។
ក្នុងឱកាសអញ្ជើញ បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ក្រុងរណបនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការគិតគូររបស់ក្រុមហ៊ុន សម្រាប់ការសង់ក្រុងរណបនៅអរិយក្សត្រ ដែលបានគិតគូរពីការទុកផ្ទៃដីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ប្រយោជន៍សាធារណៈ។
សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍នៅភាគខាងកើតដងទន្លេមេគង្គ។ សម្តេចបវរធិបតី បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍក្រុងរណបនៅអរិយក្សត្រ មិនមែនដើម្បីតែវិស័យឯកជននោះឡើយ តែដើម្បីប្រជាពលរដ្ឋរស់នៅអរិយក្សត្រផងដែរ ៕