សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន វិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា បច្ចុប្បន្ន វិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុនកសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់ថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សអំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។
សម្ដេចធីបតី បានថ្លែងថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជាក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រទាប់យុវជននាពេលបច្ចុប្បន្ន។ ការងារនេះ គឺជាការងារឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងមេគង្គឃី នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង។ ជារួមតាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជាផង។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ ៕