សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខណ្ឌជ្រោយចង្វារ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌជ្រោយចង្វារ សរុបចំនួន១២៤នាក់ ដោយបានការចូលរួមជាអធិបតីភាពពីលោកស្រី ខុន ខេម៉ា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ ។
គោលបំណងនៃការបើកវគ្គនេះ គឺដើម្បីពង្រឹងសមត្ថភាពបន្ថែម និងលើកកម្ពស់ស្មារតីដល់អ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋានទាំងអស់ ក្នុងការបំពេញកិច្ចការមនុស្សធម៌របស់ខ្លួនឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត ។
មានប្រសាសន៍នាឱកាសបើកវគ្គនោះ លោកស្រី ខុន ខេម៉ា បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា ដែលបានមកធ្វើការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានដើម្បីព្រងឹងសមត្ថភាពបន្ថែមជូនដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌជ្រោយចង្វារនេះ ។ មុននឹងប្រកាសបេីកវគ្គ លោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមឱ្យបងប្អូនជាសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ក្រុមគ្រូឧទ្ទេសនាមបង្ហាត់បង្ហាញ ដេីម្បីក្រេបជញ្ជក់ចំណេះដឹងដ៏មានសារៈប្រយោជន៍នេះ សម្រាប់ជាចំណេះដឹងជំនាញសម្រាប់ខ្លួនឯងផង សម្រាប់ផ្សព្វផ្សាយបន្តផង ជាពិសេសសំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
សូមបញ្ជាក់ថា៖ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.តួនាទីអ្នកស្ម័គ្រចិត្តកាកបាទក្រហម
៤.វិជ្ជាសង្គ្រោះបឋម ៕