ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យវិស័យឯកជនសិក្សាពីលទ្ធភាពនៃការសាងសង់ស្ពានលើទឹក និងក្រោមទឹកតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យវិស័យឯកជនសិក្សាពីលទ្ធភាពនៃការសាងសង់ស្ពានលើទឹក និងក្រោមទឹកតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានពិនិត្យមើលគម្រោងនៃការសាងសង់នានា និងចាប់អារម្មណ៍លើការសាងសង់ស្ពានតភ្ជាប់ ពីត្រើយខាងកើតទៅរាជធានីភ្នំពេញ និងកោះនរា។
សម្ដេចធិបតី បានថ្លែងយ៉ាងដូច្នេះថា «អម្បាញ់មិញនេះ ឃើញមានការសិក្សាពីការតភ្ជាប់ពីខាងកោះនរានេះ ទៅខាងរាជធានីភ្នំពេញបន្ថែម ខ្ញុំបានឱ្យវិស័យឯកជនសិក្សាមើល៍ តភ្ជាប់រវាងកោះនេះ នៅទីនេះជាមួយកោះនរា នៅខាងណោះ សិក្សាពីរជម្រើសទាំងអាខាងលើ ស្ពានខាងលើ និងអាក្រោមទឹក ដើម្បីធ្វើយ៉ាងណាភ្ជាប់ ព្រោះដើម្បីភ្ជាប់បើកច្រកប្រជាពលរដ្ឋដែលរស់នៅទីនេះ ថ្ងៃក្រោយគឺថាអាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ដោយមិនចាំបាច់ទៅណាឆ្ងាយ ឬមួយឡើងដល់កោះនរា មានស្ពាននៅកោះពេជ្រ ឡើងទៅណោះស្រាប់ ការតភ្ជាប់ជាការល្អ ហើយបើបានអាក្រោមទឹកកាន់តែល្អតែម្ដងបាទ ហើយសង្ឃឹមថា យើងនឹងមាននៅខាងក្រោម ព្រោះសោភ័ណភាពជាពិសេស នៅទន្លេចតុមុខរបស់យើងគឺនៅខាងក្រោម ដែលត្រូវគិតអំពីចរាចរណ៍ឱ្យមែនទែន ទៅថ្ងៃក្រោយមិនមែនមានតែមួយហ្នឹងទៀតទេ វាមានច្រើនសរសៃទៀត»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្ដែងក្ដីសប្បាយរីករាយជាមួយប្រជាពលរដ្ឋចំពោះការអភិវឌ្ឍទីក្រុងថ្មី ដែលធ្វើឱ្យត្រើយខាងកើតកាន់តែស្រស់បំព្រងក្រោមម្លប់សន្តិភាព ៕