ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញចូលរួមសន្និសីទស្តីពី “ឧស្សាហកម្មលើដែនសមុទ្ររួមរវាង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ស្តីពីការប្រឆាំងសកម្មភាពដែនសមុទ្រខុសច្បាប់របស់កូរ៉េខាងជើង”
ភ្នំពេញ៖ នាថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសន្និសីទស្តីពី “ឧស្សាហកម្មលើដែនសមុទ្ររួមរវាង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ស្តីពីការប្រឆាំងសកម្មភាពដែនសមុទ្រខុសច្បាប់របស់កូរ៉េខាងជើង (Symposium on Counter DPRK Illicit Maritime Activities: A Joint U.S.-ROK-Japan Maritime Industry Symposium)”។ សន្និសីទនេះត្រូវបានរៀបចំឡើង ដោយ U.S. Department of State, ក្រសួងការបរទេសនៃសាធារណៈរដ្ឋកូរ៉េ និងក្រសួងការបរទេសនៃប្រទេសជប៉ុន សម្រាប់រយៈពេលមួយថ្ងៃ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ អ្នកជំនាញវិស័យសាធារណៈ និងវិស័យឯកជន សរុបប្រមាណជាង ១៦០នាក់ មកពីបណ្តាប្រទេសជាង ៣០។
សន្និសីទនេះ បានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងការបំពានទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមាន៖
(១)-ការបំពានទណ្ឌកម្មដោយការនាំចូលប្រេង និងការនាំចេញទំនិញ
(២)-និន្នាការបច្ចុប្បន្នក្នុងការរត់ពន្ធប្រេង និងការនាំចេញទំនិញ
(៣)-ហានិភ័យចំពោះឧស្សាហកម្ម និងការភ្ជាប់ឱកាសដែលកើតចេញពីសកម្មភាពបំពានទណ្ឌកម្ម
(៤)-ការអនុវត្តច្បាប់, លទ្ធផល និងមេរៀនដែលទទួលបាន
(៥)-ការចូលរួមរបស់វិស័យសាធារណៈ និងឯកជនក្នុងការបង្ការការបំពានដែនសមុទ្រ ៕