ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ វិស័យបរិស្ថានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យបរិស្ថានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ហើយក្នុងនោះយើងទាំងអស់គ្នាសុទ្ធតែទទួលស្គាល់ថា ប្រសិនបើបរិស្ថានមិនល្អ រួមជាមួយនឹងបម្រែបម្រួលអាកាសធាតុផងនោះ វានឹងបង្ហាញពីការប្រឈម ដូចជាការគម្រាមកំហែងច្រើន ជាពិសេសសុខមាលភាពប្រជាពលរដ្ឋ សន្តិសុខស្បៀង រួមទាំងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាច្រើនរាប់មិនអស់។
ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃក្រសួងបរិស្ថាន ដែលបានយកអស់កម្លាំងកាយចិត្តបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សម្រេចបានសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ ដែលបានចូលរួមយ៉ាងសកម្មផុសផុលរបស់សមាជិក សមាជិកា នៃអង្គសន្និបាតរយៈពេល២ថ្ងៃកន្លងមកនេះ ដែលបាននាំមកនូវលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក តាមរយៈកិច្ចពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ និងឯកភាពគ្នា និងលើកទិសដៅជាយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចបេសកកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់ឱ្យអនុវត្តកន្លងមក ធ្វើឱ្យការអភិរក្ស គ្រប់គ្រង និងការអភិវឌ្ឍវិស័យបរិស្ថាន ធនធានធម្មជាតិនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងឯកភាពទាំងស្រុងចំពោះរបាយការណ៍នៃអង្គសន្និបាតដែលបានថ្លែងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានឆ្លុះបញ្ចាំងពីសមិទ្ធផលការងារក្នុងរយៈពេល១ឆ្នាំ របស់ក្រសួង ជាមួយនឹងការដាក់ចេញទិសដៅច្បាស់លាស់ប្រកបទស្សនៈវិស័យសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានថ្លែងកាលសម្ដេចនៅជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២២ ដោយសម្តេចបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា លើកិច្ចការពារអភិរក្សបរិស្ថាន ធនធានធម្មជាតិ ដោយឈរលើគោលការណ៍ការអភិវឌ្ឍបម្រើការអភិរក្ស រីឯការអភិរក្សបម្រើការអភិវឌ្ឍ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការអភិរក្សថែរក្សាបរិស្ថាន ជាកត្តាចាំបាច់មិនអាចខ្វះបាន ហើយមានភាពប្រទាក់ក្រឡាផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រទេសជាតិ។ ដោយឡែកសម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាមួយនឹងការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការងារបរិស្ថាននូវតែជាវិស័យអាទិភាពចម្បងសំខាន់បំផុតមិនអាចខ្វះបាន ដោយក្នុងនោះគ្រប់គ្រងធនធានធម្មជាតិ និងការធានាចីរភាពបរិស្ថាន ត្រូវបានរំលេចយ៉ាងច្បាស់ក្នុងបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល បានសម្រេចលើវិស័យបរិស្ថាននិង ដោយមានក្រសួងបរិស្ថានជាសេនាធិការយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយប្រកបដោយទំនួលខុសត្រូវខ្ពស់ ៕