ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ នៃគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ក្នុងពិធីបិទសន្និបាតនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្ស ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ២,០០០នាក់។
សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការកណ្តាលលើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវត្តថ្មីៗរបស់សង្គម៕