សម្តេច ឃួន សុដារី អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីបិទសន្និបាតនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្ស ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ២,០០០នាក់។
សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការកណ្តាលលើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវត្តថ្មីៗរបស់សង្គម៕