បទវិភាគ៖ការពង្រីកលើកលែងទិដ្ឋាការធ្វើឱ្យមិត្តបរទេសកាន់តែច្រើនយល់ដឹងពីប្រទេសចិននិងចែករំលែកឱកាសអភិវឌ្ឍន៍
បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយស្តីពីការបន្ធូរបន្ថយនិងធ្វើឱ្យប្រសើរឡើងនូវការលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនដោយគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៧ខែធ្នូ ការស្វែងរកអំពី”ការលើកលែងទិដ្ឋាការរបស់ចិន”លើបណ្តាញអ៊ីនធើណេតបានកើនឡើងយ៉ាងឆាប់រហ័ស។”អស្ចារ្យណាស់” “ខ្ញុំចង់ទៅចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន” “ចូលចិត្តប្រទេសដ៏មេត្រីភាពនេះ”។ល។ អ្នកប្រើបណ្តាញអ៊ីនធើណេតបរទេសទាំងឡាយបាននាំគ្នារំពឹងចង់ធ្វើដំណើរទស្សនកិច្ចម្តងនៅប្រទេសចិន។
ហេតុអ្វីបានជាគោលនយោបាយនេះទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងបែបនេះ?មូលហេតុផ្ទាល់គឺដោយសារគោលនយោបាយលើកលែងទិដ្ឋាការលើកនេះមានភាពប្រសើរឡើងយ៉ាងខ្លាំង ។ បើមើលពីពេលវេលា លើកនេះ ប្រទេសចិនបានពន្យារពេលវេលាឆ្លងកាត់ដែនចិនរបស់ជនជាតិបរទេសដែលកាលពីមុនបានលើកលែងទិដ្ឋាការពី៧២ម៉ោងនិង១៤៤ម៉ោង ទៅដល់២៤០ម៉ោង ពោលគឺ១០ថ្ងៃ។ បើមើលពីក្របខ័ណ្ឌ ច្រកចេញចូលដែនចិនដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការលើកនេះបានកើនឡើងពី៣៩ដល់៦០ ហើយច្រកទ្វារចេញចូលដែនបានកើនឡើងពីខេត្ត ភូមិភាគស្វយ័តឬទីក្រុងចំនួន១៩ទៅដល់២៤ ថែមទាំងអនុញ្ញាតឱ្យធ្វើដំណើរឆ្លងតំបន់។ទីភ្នាក់ងារសារព័ត៌មានReutersបានចេញផ្សាយបទអត្ថាធិប្បាយថា “ប្រទេសចិនបានបន្ធូរបន្ថយឥតឈប់ឈរនូវលក្ខខណ្ឌធ្វើទិដ្ឋាការចំពោះអ្នកដំណើរ ហើយលើកទឹកចិត្តឱ្យមនុស្សទាំងឡាយទៅធ្វើទេសចរណ៍នៅប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក”។
លោកChenZhanmin អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចប្រើប្រាស់នៃសកលវិទ្យាល័យប្រជាជនចិនបានវិភាគថា ពាក្យ”គ្រប់ជ្រុងជ្រោយ”គឺមានន័យថា ប្រទេសចិនបានកែលម្អការលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ប្រទេសចិនពីវិស័យនិងស្រទាប់ជាច្រើន ហើយផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់ជនជាតិបរទេសក្នុងការធ្វើទេសចរណ៍ ធ្វើសកម្មភាពធុរកិច្ច បំពេញទស្សនកិច្ចនិងសួរសុខទុក្ខសាច់ញាតិ ទន្ទឹមនឹងនេះ ស្របពេលដែលចំនួនអ្នកទេសចរណ៍អន្តរជាតិបានកើនឡើង ឧស្សាហកម្មដូចជារបរទេសចរណ៍របស់ប្រទេសចិនជាដើមនឹងទទួលឱកាសពាណិជ្ជកម្មកាន់តែច្រើនឡើងៗ ដែលនឹងបង្កើនចំណងមិត្តភាពនិងការយល់ដឹងពីគ្នារវាងប្រជាជនចិននិងបរទេស ដើម្បីបង្កើតមូលដ្ឋានកាន់តែរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត។
ចាប់ពីខែកក្កដាឆ្នាំ២០២៣មក ប្រទេសចិនបានកែលម្អគោលនយោបាយលើកលែងទិដ្ឋការជាបន្តបន្ទាប់ បច្ចុប្បន្ននេះ ប្រទេសចិនបានឈានដល់ការលើកលែងទិដ្ឋាការដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន២៦ បានលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រទេសចំនួន៣៨ ដូចជាបារាំងនិងអាល្លឺម៉ង់ជាដើមជាបន្តបន្ទាប់ បានអនុវត្តការលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចំពោះប្រទេសចំនួន៥៤ ហើយឈានដល់កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសនិងតំបន់ចំនួន១៥៧។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ជនជាតិបរទេសដែលចូលដែនចិនតាមរយៈច្រកទ្វារនានានៅទូទាំងប្រទេសចិនមានចំនួន២៩លាន ២សែន១ម៉ឺន៨ពាន់នាក់ ដែលកើនឡើង៨៦.២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះ ជនជាតិបរទេសដែលចូលដែនចិនតាមរយៈការលើកលែងទិដ្ឋាការគឺ១៧លាន ៤សែន៤ម៉ឺន៦ពាន់នាក់ ដែលកើនឡើង១២៣.៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ជាពិសេស គឺគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនរយៈពេល៧២ម៉ោង/១៤៤ម៉ោងទទួលការពេញនិយមយ៉ាងខ្លាំងនៅបរទេស ចាប់ពីចូលឆ្នាំនេះមក ជនជាតិបរទេសដែលធ្វើទេសចរណ៍នៅប្រទេសចិនតាមរយៈគោលនយោបាយនេះមានចំនួនកើនឡើង១៣២.៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
“មានមិត្តភក្តិមកពីចម្ងាយ គឺជារឿងដ៏គួរឱ្យសប្បាយចិត្ត”ភាពរាក់ទាក់និងមេត្រីភាពជាវិធីសាស្រ្តទទួលភ្ញៀវរបស់ជនជាតិចិន ហើយការបើកទូលាយនិងបរិយាបន្នជារបៀបប្រាស្រ័យទាក់ទងវាងប្រទេសចិននិងពិភពលោក។ពីការពង្រីកវិសាលភាពលើកលែងទិដ្ឋាការ ដល់ពង្រីកការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិនឥតឈប់ឈរនិងកែលម្អបរិយាកាសធ្វើអាជីវកម្ម ប្រទេសចិនកំពុងជំរុញជាបន្តបន្ទាប់នូវការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់។ ស្វាគមន៍មិត្តបរទេសកាន់តែច្រើនមកកាន់ប្រទេសចិន មើលឃើញប្រទេសចិន ទទួលអារម្មណ៍ពីប្រទេសចិននិងឈ្វេងយល់ប្រទេសចិន ព្រមទាំងចែករំលែកឱកាសឈ្នះ-ឈ្នះនៅប្រទេសចិន៕