សម្ដេចតេជោ សរសើររាជរដ្ឋាភិបាល នីតិកាលទី៧ ដែលប្រកាសឱ្យមានការចុះបញ្ជីនៃក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមប្រព័ន្ធឌីជីថល ដែលផ្ដល់ភាពងាយស្រួល ដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ក្នុងឱកាសដែល អញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុប លទ្ធផល ការ ងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្ស ប្រជា ជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលថ្មីៗនេះបានប្រកាសឱ្យមានការចុះបញ្ជីនៃក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមប្រព័ន្ធឌីជីថល ដែលកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលលើការប្រមូលចំណូល និងបានជំរុញការយកចិត្តទុកដាក់ប្រមូល ចំណូល ឱ្យអស់លទ្ធភាពបន្ថែមទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសម្តេចបានចាត់ទុក «ថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨»៕