សម្ដេចតេជោ៖ ជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលប្រជាជនជឿជាក់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុប លទ្ធផល ការ ងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្ស ប្រជា ជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ ដែលប្រជាជនជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ។
សម្ដេចតេជោបន្តថា យើងត្រូវចងចាំថា បុព្វហេតុរបស់ប្រជាជនក្នុងការកសាង និងការពារប្រទេសជាតិ គឺជាបុព្វហេតុរបស់គណបក្សយើង ហើយទាល់តែប្រជាជនចូលរួមនិងគាំទ្រ ទើបបុព្វហេតុនេះសម្រេចបានជោគជ័យ។ ក្នុងន័យនេះ ជ័យជម្នះនាពេលកន្លងមក មិនត្រឹមតែជាជ័យជម្នះរបស់គណបក្សនោះទេ តែជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូល។
សម្ដេចតេជោបានបន្ថែមទៀតថា នាវាកម្ពុជា ក្រោមការដឹកនាំរបស់គណបក្ស បានច្បាមយកមកវិញនូវសន្តិភាពពេញលេញជូនប្រជាជន ដែលជាគុណតម្លៃស្នូលនៃការចាប់ផ្តើមឡើងវិញក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិដ៏បវរនៃយើងទាំងអស់គ្នារហូតមកដល់បច្ចុប្បន្ន៕