ប្រធានគណបក្សប្រជាជនកម្ពុជា ជំរុញឱ្យជនរួមជាតិបន្តថែរក្សាសន្តិភាព ស្ថិរភាពនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុប លទ្ធផល ការ ងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្ស ប្រជា ជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យជនរួមជាតិបន្តថែរក្សាសន្តិភាព ស្ថិរភាពនៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានដោយលំបាកបំផុត។
សម្តេចតេជោ ក៏ជំរុញឱ្យសមាជិកគណបក្សបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន បំពេញភារកិច្ចការងារនៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ហើយត្រូវរួមគ្នារក្សាឱ្យបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាឱ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។
សម្តេចបញ្ជាក់ដែរថា នាវាកម្ពុជាក្រោមការដឹកនាំរបស់គណបក្ស បានច្បាមយកមកវិញនូវសន្តិភាពពេញលេញជូនប្រជាជន ដែលជាគុណតម្លៃស្នូលនៃការចាប់ផ្តើមឡើងវិញក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិដ៏បវរនៃយើងទាំងអស់ គ្នារហូតមកដល់បច្ចុប្បន្ន។ ដោយសារកត្តាសន្តិភាពនេះហើយ សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យ កត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប និងអាចបន្សំខ្លួនក្នុងសមាហរណកម្មសេដ្ឋកិច្ចសកល ហើយ សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ៕