សម្តេចតេជោ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់៦.៧% ក្នុងឆ្នាំ២០២៧ ដែលនេះបង្ហាញអំពីអនាគតសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុប លទ្ធផល ការ ងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្ស ប្រជា ជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់៦.៧% ក្នុងឆ្នាំ២០២៧ ដែលនេះបង្ហាញអំពីអនាគតសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
សម្តេចតេជោបានគូសបញ្ជាក់ថា ដោយសារកត្តាសន្តិភាពនេះហើយ សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តទៅជា សេដ្ឋកិច្ចទំនើប និងអាចបន្សំខ្លួនក្នុងសមាហរណកម្មសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ទសវត្សរ៍។
សម្តេចតេជោបានឲ្យដឹងទៀតថា តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជា ជួបនូវសុខសន្តិភាពពេញថ្លៃផ្ទៃប្រទេស ដែលសន្តិភាពនេះ បាននាំមកនូវចលនាទេសចរណ៍ ដោយកម្ពុជា ទទួលបានភ្ញៀវទេសចរកើនឡើងពីប្រមាណ ២៩ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ រហូតដល់ ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩។
សម្តេចតេជោបានថ្លែងថា បើទោះបីជាកំណើនទេសចរណ៍ត្រូវថមថយចុះ នៅក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ យើងឃើញថា សម្រាប់រយៈពេល១០ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណជា ៥,១៤ លាននាក់ កើនឡើងប្រមាណជា ២១.៦% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ ដែលតួលេខនេះទៀតសោត បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពធន់នៃវិស័យទេសចរណ៍ ដែលបាននឹងកំពុងវិវត្តន៍ទៅរកកំណើន ស្មើនឹងមុនពេលនៃវិបត្តិជំងឺកូវីដ-១៩៕ 8