ឧបនាយករដ្ឋមន្ត្រី នេត សាវឿន គាំទ្រចំពោះការដាក់ចេញ និងផែនការអទិភាពសំខាន់ៗរបស់ក្រសួងបរិស្ថាន ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត, ភាពបៃតង និងចីរភាព ឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះការដាក់ចេញ និងផែនការអទិភាពសំខាន់ៗរបស់ក្រសួងបរិស្ថាន ដែលត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត, ភាពបៃតង និងចីរភាព ឱ្យដំណើរការរលូន និងមានប្រសិទ្ធភាព ដោយក្នុងនោះ៖ ភាពស្អាតគឺសំដៅលើស្ថានភាពរបស់ទឹក ដី ខ្យល់ ដោយផ្តោតដំបូងលើការងារសម្អាត គ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ, ភាពបៃតង សំដៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ ការជំរុញបរិស្ថាននៃបៃតង និងចីរភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុលសំដៅឱ្យមានចីរភាព និងអភិវឌ្ឍន៍។
ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី, ឯកឧត្តមសូមប្រកាសគាំទ្រចំពោះការដាក់ចេញ និងផែនការអទិភាពសំខាន់ៗរបស់ក្រសួងបរិស្ថាន ដែលត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត, ភាពបៃតង និងចីរភាព ឱ្យដំណើរការរលូន និងមានប្រសិទ្ធភាព ដោយក្នុងនោះ៖ ភាពស្អាតគឺសំដៅលើស្ថានភាពរបស់ទឹក ដី ខ្យល់ ដោយផ្តោតដំបូងលើការងារសម្អាត គ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ, ភាពបៃតង សំដៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ ការជំរុញបរិស្ថាននៃបៃតង និងចីរភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុលសំដៅឱ្យមានចីរភាព និងអភិវឌ្ឍន៍។
ជាមួយគ្នានោះ ដើម្បីទទួលបានប្រសិទ្ធភាព និងការអនុវត្តភារកិច្ចសំខាន់ៗនេះ ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី, ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងបរិស្ថាន យកទៅអនុវត្តដូចខាងក្រោម៖
ទី១៖ ក្រសួងបរិស្ថាន ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ជំរុញភាពស្អាតក្នុងសហគមន៍តាមរយៈការពង្រឹងគ្រប់គ្រងសំរាម, ការជំរុញកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច, យុទ្ធនាការធ្វើអនាម័យ និងសម្ព័ន្ធភាពតាមដងផ្លូវផងដែរ។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់វិធានការអប់រំជាគោលចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ប៉ុន្តែជាមួយគ្នានោះ ត្រូវមានវិធានការរដ្ឋបាល និងអាចដល់វិធានការច្បាប់ចំពោះបុគ្គល ឬសហគ្រាស ក្រុមហ៊ុន កន្លែងណាដែលមិនសហការ និងបង្កឱ្យមានភាពកខ្វក់ប៉ះពាល់ដល់ភាពស្អាត និងបរិស្ថានរបស់យើង។
ទី២៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តបំផុសចលនាសម្អាតតាមដងផ្លូវជាតិធ្វើយ៉ាងណាឱ្យឆ្នាំ២០២៥ គ្មានសំរាម និងគ្មានកាកសំណល់ប្លាស្ទិចរាយប៉ាយតាមដងផ្លូវនៅទូទាំងប្រទេស ក៏ដូចជាត្រូវបន្តជំរុញ និងលើកទឹកចិត្តញ៉ែកនូវប្រភពនៃការកែច្នៃសំណល់ ជាពិសេសសំណល់ប្លាស្ទិចតាមរយៈការរៀបចំឱ្យមានធនាគារប្លាស្ទិចនៅតាមសាលារៀន វត្តអារាម ការធ្វើជីកំប៉ុស្តតាមសហគមន៍ ការរៀបចំឱ្យសហគមន៍គ្មានសំណល់ និងសំរាម។ អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវបន្តលើកកម្ពស់ការទុកដាក់សំណល់ចុងក្រោយ តាមរយៈការកែទីលានដែលមានស្រាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំទីលានថ្មីឱ្យស្របតាមបទដ្ឋានបច្ចេកទេស។
ទី៣៖ ប្រើប្រាស់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យតាមដានដោះស្រាយ ការឆ្លើយតបតមបន្ទាន់លើការងារទប់ស្កាត់បំពុលបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវជំរុញអនុវត្តច្បាប់តឹងរឹង និងគ្រប់ជ្រុងជ្រោយលើកិច្ចគាំពារបរិស្ថាននៅតាមប្រភពបំពុលដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។
ទី៤៖ ការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យ និងដំឡើងផែនទីតាមដានគុណភាពទឹកស្វ័យប្រវត្តិនៅតាមប្រភពទឹកសាធារណៈសំខាន់ៗទូទាំងប្រទេស ព្រមទាំងជំរុញមន្ទីរពិសោធន៍ឱ្យក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានជាតិ ដែលមានសមត្ថភាពការវិភាគភស្តុតាងវិទ្យាសាស្ត្រដើម្បីឆ្លើយតបទៅនឹងគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។
ទី៥៖ សូមអំពាវនាវដល់ក្រសួង បន្តអនុវត្តវិធានការគន្លឹះទាំងបួនចំណុចក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបន្តជំរុញអនុវត្តច្បាប់ជាធរមាន។ បង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រក្នុងការផ្ដល់ផែនទីកែវរណបជាប្រចាំជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា។
ទី៦៖ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការគៀងគរគ្រប់ភាគីចូលរួមគាំទ្រដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានបណ្ដុះបណ្ដាល និងមហាជននានា ធានាឱ្យបាននូវវឌ្ឍនភាពថវិកា ដើម្បីគ្រប់គ្រងប្រព័ន្ធការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។
ទី៧៖ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តបទបញ្ជាលេខ ០០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ម៉ឺងម៉ាត់ និងគ្មានការលើកលែងជាដាច់ខាត ដែលនេះគឺជាគោលការណ៍សម្អាតផ្ទះយើង សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យស្អាតជាប់ជាប្រចាំ ដើម្បីពង្រីកភាពស្អាតស្អំ អភិបាលកិច្ចល្អ និងជាគំរូក្នុងការអនុវត្តច្បាប់ ៕