ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន៖ បច្ចុប្បន្ននេះ ការប្រើប្រាស់គ្រឿងញៀនទាំងក្នុងសហគមន៍ និងបណ្ដាក្លឹបកម្សាន្ដមានការថយចុះ
ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ការប្រើប្រាស់គ្រឿងញៀនទាំងក្នុងសហគមន៍ និងបណ្ដាក្លឹបកម្សាន្ដមានការថយចុះគួរឲ្យកត់សម្គាល់។
ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា មកទល់ម៉ោងនេះ ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ និងតាមក្លឹបកម្សាន្ដមានការថយចុះ។ ទាំងជនជាតិខ្មែរក៏ដោយ និងជនបរទេសក៏ដោយឲ្យតែរកឃើញ គឺត្រូវអនុវត្តតាមច្បាប់។ នេះជាការដោះស្រាយកង្វល់របស់សង្គមទូទៅ ដែលយើងត្រូវខិតខំបន្ដទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំ និងក្រើនរំលឹកដល់មន្ដ្រីទាំងអស់ ពិសេសគណៈអភិបាលរាជធានី-ខេត្ត ត្រូវតែបន្ដខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការលួចប្រើប្រាស់ទាំងក្នុងសហគមន៍ និងទីតាំងសប្បាយភាពក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបង្ហាញនូវការព្រួយបារម្ភពីបញ្ហាប្រឈមនៃការនាំចូលគ្រឿងញៀនមកប្រទេសកម្ពុជា ដែលនៅតែបន្ដមាន។ ដោយឡែក ការលបលួចកែច្នៃនៅក្នុងប្រទេសកម្ពុជា ក៏មានការថយចុះផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀននាំចូលមកពីក្រៅប្រទេសជាង១១តោន ចាប់ខ្លួនមនុស្សជាង២ម៉ឺននាក់។ ក្នុងចំណោមករណីដែលសមត្ថកិច្ចកម្ពុជា បង្ក្រាបបានកន្លងមកឃើញថា ការនាំចូលច្រើនកើតមាននៅតាមផ្លូវគោក និងផ្លូវទឹក ក្នុងនោះមានទាំងបញ្ញើរប្រៃសណីយ៍ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ លើប្រតិបត្តិការនៃការបង្ក្រាបករណីនាំចូលគ្រឿងញៀននេះ តែត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ៕