UN៖ ស៊ីរីនៅមិនទាន់បញ្ចប់ជម្លោះផ្ទៃក្នុងអស់នៅឡើយទេ
បរទេស៖ ប្រេសិតអង្គការសហប្រជាជាតិ (UN) ប្រចាំនៅស៊ីរី លោក Geir Pedersen បានព្រមានក្នុងថ្ងៃទី១៧ ខែធ្នូ ថាជម្លោះនៅស៊ីរី គឺមិនទាន់រលត់ផុតនោះទេ បើទោះបីជារដ្ឋាភិបាលលោក Bashar al-Assad បានដួលរលំទៅហើយក្ដី។ នេះដោយសារ ការប៉ះទង្គិចប្រដាប់អាវុធរវាងក្រុមកងទ័ពជាតិស៊ីរី (SNA) និងក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្ត។
ថ្វីដ្បិតតែរដ្ឋាភិបាលលោក Bashar al-Assad បានដួលរលំ ហើយរដ្ឋាភិបាលអន្តរកាល បានចូលមកជំនួសក៏ពិតមែន ប៉ុន្តែបេសកជនពិសេស UN ប្រចាំនៅស៊ីរី លោក Geir Pedersen បានព្រមានពីការបន្តនៃជម្លោះក្រុមប្រដាប់អាវុធ នៅស៊ីរី។
បេសកជនពិសេស UN ប្រចាំស៊ីរីរូបនេះ បានបញ្ជាក់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងថ្ងៃទី១៧ ខែធ្នូ អំពីជម្លោះកើតឡើងនៅស៊ីរីក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយរវាងក្រុមកងទ័ពជាតិស៊ីរី (SNA) និងក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)។
បទឈប់បាញ់រយៈពេល៥ថ្ងៃ បានបញ្ចប់ ហើយខ្ញុំមានក្ដីបារម្ភជាខ្លាំងទៅលើររបាយការណ៍ស្ដីពីភាពតានតឹងផ្នែកយោធា។ ភាពតានតឹងនេះ អាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ។ លោក Pedersen បានបង្ហាញក្ដីកង្វល់បែបនេះ ទាក់ទិនលើជម្លោះរវាងក្រុមទាំង២។
គួរបញ្ជាក់ថា ក្រុមប្រយុទ្ធ SNA គាំទ្រដោយតួគី ចំណែកក្រុមប្រយុទ្ធ SDF ជាក្រុមដឹកនាំដោយពួកជនជាតិ ឃឺដ ដែលគាំទ្រដោយអាម៉េរិក។ សប្ដាហ៍មុន ក្រុម SNA បានដណ្ដើមភាគខាងជើងទីក្រុង Manbij ពីក្រុម SDF។
មេបញ្ជាការក្រុម SDF លោក Mazloum Abdi នៅថ្ងៃទី១៧ ខែធ្នូ ពីគម្រោងដាក់សំណើបង្កើតតំបន់គ្មានអាវុធក្នុងភាគខាងជើងទីក្រុង Kobane ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបពីភាគីតួគីយេ, ក្រុម SNA និងអាម៉េរិក។
លោក Pedersen បានទទូចក្នុង UNSC ឱ្យអុីសា្រអែល ប្រញ៉ាប់បញ្ឈប់សកម្មភាពតាំងទីលំនៅ និងបំពានលើទឹកដី Golan Height របស់ស៊ីរី។ បន្ថែមពីនេះ លោក ក៏បានគាំទ្រឱ្យបញ្ចប់ទណ្ឌកម្មដែលមានលើស៊ីរី ដើម្បីជួយប្រទេសនេះ។
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ បានសាទរចំពោះការបញ្ចប់របបលោក Assad នៅស៊ីរី ប៉ុន្តែនៅមានក្ដីកង្វល់លើការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដូចជាក្រុមភេវរកម្ម ISIS ជាដើម។
ខណៈកំពុងជួបរបត់នយោបាយថ្មី ស៊ីរី ក៏កំពុងជួបវិបត្តិអាហារផងដែរ។ ប្រធានផ្នែកមនុស្សធម៌ UN លោក Tom Fletcher បានអះអាងថា មនុស្ស១៣លាននាក់ កំពុងជួបកង្វះស្បឿង ខណៈដែលពលរដ្ឋជាង១លាននាក់ បានជម្លៀសនៅស៊ីរី។ ហើយជម្លោះ នឹងបង្កឱ្យបញ្ហានេះកាន់តែអាក្រក់។