រដ្ឋមន្ត្រីបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថានបានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ «ដើម្បីសម្រេចនូវបេសកកម្មតាមច្បាប់កំណត់ និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន បានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិដៅការងារឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បានចូលរួមចំណែកអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅ២០៣០ និង២០៥០ ក្រោមការដឹកនាំដ៏ស្វាហាប ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ ២០២៨» ដែលមានយុទ្ធសាស្ត្រស្នូលធំៗចំនួន៣(បី) គឺភាពស្អាត ភាពបៃតង និងចីរភាព។
ក្នុងឱកាសបិទសន្និបាតបូកសរុបការងាររបស់ក្រសួងបរិស្ថាន ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការដាក់ចេញ និងផែនការអាទិភាពរបស់ក្រសួងបរិស្ថាន លើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត ,ភាពបៃតង និងចីរភាព។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់បន្ថែមថា សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះចំពោះភាពស្អាតគឺសំដៅលើស្ថានភាពរបស់ទឹក ដី ខ្យល់ ដោយផ្តោតដំបូងលើការងារសម្អាត គ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ, ភាពបៃតង សំដៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ ការជំរុញបរិស្ថាននៃបៃតង និងចីរភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុលសំដៅឱ្យមានចីរភាព និងអភិវឌ្ឍន៍ ៕