សម្តេចពញ្ញាចក្រី ហេង សំរិន អញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ភាគីចិន, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤។
អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង។
ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។
ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្តហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ៕