វៀតណាម កំពុងរៀបចំផែនការកំណែទម្រង់ប្រព័ន្ធការងារដ៏ស្មុគស្មាញ ជាការរុះរើដ៏ធំក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលអាចនាំឱ្យរដ្ឋាភិបាលវៀតណាម ប្រឈមនឹងភាពជាប់គាំងរយៈពេលខ្លី
ហាណូយ៖ ប្រទេសកុម្មុយនីស្ដវៀតណាម កំពុងរៀបចំផែនការកំណែទម្រង់ប្រព័ន្ធការងារដ៏ស្មុគស្មាញរបស់ខ្លួន ដែលជាការរុះរើដ៏ធំក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយកាត់បន្ថយការិយាធិបតេយ្យ បន្ថយចំនួនក្រសួង ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើន និងជំរុញការអភិវឌ្ឍប្រទេស។ យ៉ាងណា ការណ៍នេះ អាចនាំឱ្យរដ្ឋាភិបាលវៀតណាម ប្រឈមនឹងភាពជាប់គាំងរយៈពេលខ្លីផងដែរ។
នៅក្រោមផែនការនេះ ក្រសួងចំនួនប្រាំ ទីភ្នាក់ងាររដ្ឋាភិបាលចំនួនបួន និងប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួនប្រាំ នឹងស្ថិតក្នុងចំណោមស្ថាប័នដែលត្រូវលុបបំបាត់។ យ៉ាងណា សំណើនេះ នៅតែស្ថិតក្នុងដំណាក់កាលបឋម ហើយអាចនឹងមានការផ្លាស់ប្តូរតាមពេលវេលាដោយសារការបោះឆ្នោតក្នុងសភានឹងប្រព្រឹត្តឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ គ្មានតួលេខណាមួយត្រូវបានផ្សព្វផ្សាយអំពីចំនួនការងារ ដែលនឹងត្រូវកាត់បន្ថយនោះទេ ប៉ុន្តែបុគ្គលិករដ្ឋរាប់ពាន់នាក់ទំនងជារងផលប៉ះពាល់ ដោយផ្អែកលើទំហំនៃការកាត់បន្ថយក្រសួង និងស្ថាប័នទាំងនោះ។
ក្នុងចំណោមវិធានការដែលបានគ្រោងទុក ក្រសួងវិនិយោគដែលទទួលខុសត្រូវលើការអនុម័តគម្រោងឧស្សាហកម្មនឹងត្រូវបានបញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ។ សូមជម្រាបថា វៀតណាម គឺជាមជ្ឈមណ្ឌលឧស្សាហកម្មនៅអាស៊ីអាគ្នេយ៍ និងពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម ដែលជំរុញសេដ្ឋកិច្ចផ្តោតលើការនាំចេញកំពុងរីកចម្រើនខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការក្នក់ចិត្តរបស់វិនិយោគិនបរទេសបានកើនឡើងកាន់តែខ្លាំង ចំពោះការពន្យារពេលក្នុងការអនុម័តគម្រោង ប្រព័ន្ធការងារមានភាពសាំញ៉ាំ និងកំណែទម្រង់បទប្បញ្ញត្តិ ដែលរួមបញ្ចូលទាំងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំទូលាយ។ ដើម្បីឆ្លើយតបនឹងបញ្ហា នៅក្នុងខែធ្នូនេះ មេដឹកនាំបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡាំ បានចាប់ផ្តើមការផ្លាស់ប្ដូរស្ថាប័នរដ្ឋដ៏ធំមួយភ្លាមៗ បន្ទាប់ពីលោកត្រូវបានតែងតាំងជាលេខាធិការបក្ស ដែលជាការងារដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស។
អ្នកវិនិយោគ អ្នកការទូត និងមន្ត្រីចំនួនប្រាំបួននាក់ បានចែករំលែកការវាយតម្លៃចម្រុះដូចគ្នាជាមួយនឹងការរំពឹងទុកជាច្រើននៃការពន្យារពេលរដ្ឋបាលថ្មី ក្នុងរយៈពេលខ្លី។ អ្នកការទូតលោកខាងលិច មានមូលដ្ឋាននៅរដ្ឋធានីហាណូយបានប៉ាន់ស្មានផងដែរថា កំណែទម្រង់នេះ ក៏អាចជាឈ្នាន់ក្នុងការប៉ុនប៉ងរបស់លោក ឡាំ ដើម្បីពង្រឹងអំណាចផងដែរ។ វិនិយោគិនបរទេសពីរនាក់រំពឹងថា កំណែនេះនឹងនាំមកនូវនីតិវិធីសាមញ្ញ ដែលរង់ចាំជាយូរមកហើយសម្រាប់អាជីវកម្ម បើទោះបីជាវាទំនងជាធ្វើឱ្យការអនុម័តគម្រោងយឺតយ៉ាវក្នុងរយៈពេលប៉ុន្មានខែក៏ដោយ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅរដ្ឋធានីហាណូយ លោក អាន់ដ្រេ ហ្គោលែតហ្សីណូវស្គី (Andrew Goledzinowski) បានប្រដូចដំណាក់កាលបច្ចុប្បន្នទៅនឹងកំណែទម្រង់សេដ្ឋកិច្ចដ៏ទូលំទូលាយរបស់វៀតណាម ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានប្រែក្លាយប្រទេសកុម្មុយនីស្ដហែកហួរដោយសង្រ្គាម ទៅជាប្រទេសពាណិជ្ជកម្មដ៏សំខាន់មួយក្នុងទសវត្សរ៍បន្ទាប់៕