ឯកឧត្តម ខូយ រីដា ទទួលថវិកាមនុស្សធម៌ ពីសប្បុរសជន បានឧបត្ថម្ភគាំទ្រចូលរួមចំណែកកសាងអគារសង្គ្រោះបន្ទាន់ មួយខ្នង ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលថវិកាមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ សម្រាប់ចូលរួមចំណែកកសាងអគារសង្គ្រោះបន្ទាន់ មួយខ្នង កម្ពស់ ៥ជាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទុកសម្រាប់បម្រើគុណប្រយោជន៍ប្រជាពលរដ្ឋទូទៅក្នុងខេត្ត ចំនួន ១២,០០០ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសក ថ្លុង សេងហួង និងឧបាសិកា ទី ស៊ីវឿន ព្រមទាំងឧបាសិកា តាន់ ហាង ដែល បានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា សរុបចំនួន១២,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់បម្រើឱ្យការងារសាងសង់អគារសង្គ្រោះបន្ទាន់ ក្នុង បរិវេណមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលគ្រោងនឹងចាប់ដំណើរការសាងសង់ នាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនដល់សប្បុរសដែលបានជួយឧបត្ថម្ភថវិកា ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់កសាងមន្ទីរបង្អែកខេត្ត និងសូមប្រសិទ្ធពរ បវរសសួស្តី ឱ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕